(កំពង់ធំ)៖ ផ្លែល្ម៉ើស្រស់របស់ចម្ការលោកឧកញ៉ា លឹម ប៊ុណ្ណា ជិត ៨០ តោន នឹងត្រូវដាក់លក់ក្នុងថ្ងៃទី ០៣ ខែកក្កដា ខាងមុខនេះ ហើយចម្ការល្ម៉ើតាខ្នានេះ មានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក វី រ៉ែន ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន លឹម ប៊ុណ្ណា បានឱ្យដឹងថា តំបន់នេះឱ្យឈ្មោះថា តំបន់រមណីយដ្ឋានកែងគោលស្ទោង ហើយតំបន់រមណីយដ្ឋាននេះ គឺជាបណ្ដុំអាជីវកម្មចម្រុះមានការ៉ាសសាំង ម៉ាត ហាងកាហ្វេ ភោជនីយដ្ឋាន ឃ្លាំងស្តុកស្រូវ លក់ចេញ និងចំការដែលមានផ្ទៃដី ១,៣៥០ហិកតា។
លោកបានបន្តថា ចំការចែកចេញជា ចំការល្ម៉ើ ចំការស្វាយចន្ទី ចំការស្វាយកែវរមៀត ចំការក្រូចពោធិ៍សាត់ និងដំណាំស្រូវ ហើយចំការល្ម៉ើដែលមានការទាក់ទាញចំណាប់អារម្មណ៍ជាងគេនេះ ស្ថិតនៅក្នុងចំការតាខ្នា មានផ្ទៃដី ៣៥ហិចតា បានចាប់ផ្តើមដាំតាំងពីឆ្នាំ២០១៧ និងបានពង្រីកបន្ថែមចំនួន១០ហិចតាទៀត។ ក្រុមហ៊ុនកំពុងទទួលផលល្ម៉ើដែលមាន «ពូជបាហ៉ី» ជាប្រភេទហូបស្រស់ ពណ៌លឿងមានរសជាតិផ្អែមស្រួយ និងពណ៌ក្រហមមួយប្រភេទផ្សេងទៀតដែលបានដាំដុះលើផ្ទៃដីរួចហើយ តែមិនទាន់បានផលទេ គឺពូជល្ម៉ើ «ខូណេស៊ី» ហូបស្រស់ដូចគ្នា។
លោកបានបញ្ជាក់ទៀតថា ឆ្នាំទី១ល្ម៉ើទទួលបានផលដំបូងខ្ទង់ប្រមាណ ១០តោន ហើយក្រុមហ៊ុនកំពុងលក់ចេញបានប្រមាណជា ៦តោន នៅទីផ្សារដែលលក់នៅក្នុងចំការមួយគីឡូក្រាម ៤៨,០០០រៀល ដោយឡែកសម្រាប់ឆ្នាំទី២នេះទិន្នផលមានការកើនឡើងខ្ពស់ជិត៨០ តោន លក់ក្នុងតម្លៃ៤៨,០០០ រៀលដដែល។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ហូបផ្លែល្ម៉ើ ដែលនាំចូលពីក្រៅប្រទេស សូមឱ្យងាកមកទទួលទានល្ម៉ើក្នុងស្រុក ដែលអាចដាំបានពេលនេះ មានរសជាតិផ្អែមឆ្ងាញ់មិនមានប្រើថ្នាំគីមី ហើយរក្សារទុកបានយូរដោយសារកាត់ពីដើមស្រស់ស្រស់ភ្លាមផ្អែមឆ្ងាញ់ហើយស្រួយ។
លោកក៏សូមឱ្យពលរដ្ឋខ្មែរជួយគាំទ្រ និងលើកស្ទួយដល់កសិករ ក្នុងស្រុករបស់យើងឱ្យបន្តដាំ និងពង្រីកផ្ទៃដីប្រទេសថែមទៀត ដើម្បីនាំចេញទៅក្រៅប្រទេសក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ជុំវិញការមកទស្សនាកម្សាន្តនៅចំការល្ម៉ើនេះ ប្រជាពលរដ្ឋមានការសប្បាយចិត្តគាំទ្រនូវដំណាំបែបធម្មជាតិមិនប្រើប្រាស់ជីគីមី ដើម្បីចូលរួមជួយដល់សុខភាព និងមានតម្លៃសមរម្យមិនថ្លៃជាងទីផ្សារ៕