(ភ្នំពេញ)៖ អតីតពលករកូរ៉េខាងត្បូងត្រកូល «ឡេង» រួមមាន៖ ឧកញ៉ា ឡេង និមល ឧកញ៉ា ឡេង ប្រុស និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារអាមេរិក ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺវីដ១៩ ជូនកម្មករ និយោជិត។
ជាត្រកូលមានអតីតភាពជាពលករ ដែលធ្លាប់ហែលឆ្លងការលំបាករាប់មិនអស់ គ្រួសារត្រកូល «ឡេង» តែងតែផ្សារភ្ជាប់បេះដូងជាមួយកម្មករ និយោជិតនៅកម្ពុជា ហើយបានចូលរួមសកម្មភាពមនុស្សធម៌ជារឿយៗជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរំលែកការលំបាកទាំងឡាយរបស់កម្មករ និយោជិតនៅកម្ពុជា។
ក្នុងលិខិតថ្លែងអំណរគុណលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃ និងកោតសរសើរចំពោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិ របស់បងប្អូនប្រកូល «ឡេង» ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈបានយ៉ាងទាន់ពេលវេលា។
សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។
ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។ ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌របស់ពួកគេ ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕