(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ៤ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ខណៈវ៉ាក់សាំងទាំងនោះបានដឹកទៅដល់ខេត្តកំពង់ចាមរួចហើយ។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទ ១០០គ្រួសារ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងបរិវេណវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានឱ្យដឹងថា ចាប់ពីថ្ងៃស្អែកនេះតទៅ រដ្ឋបាលខេត្តកំពង់ចាមចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៤ គឺស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ។
លោកអភិបាលខេត្តបានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានដឹកបញ្ជូនមកដល់រដ្ឋបាលខេត្តកំពង់ចាមរួចហើយ រីឯក្រុមគ្រូពេទ្យក៏បានរៀបចំទុកដាក់រួចរាល់ហើយដែរ សម្រាប់ត្រៀមចាក់ជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានប្រកាសអញ្ជើញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន អាជីវករលក់ដូរតាមផ្សារ និងមន្ត្រីរាជការ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅតាមគោលដៅនីមួយៗដែលក្រុមគ្រូពេទ្យបានរៀបចំ និងកុំភ្លេចយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនទៅផង។
លោកបានរំលឹកថា មកដល់ពេលនេះ ខេត្តកំពង់ចាមមានប្រជាពលរដ្ឋធ្លាក់ទៅក្នុងភាពក្រីក្រក្នុងរង្វង់ ៤៧,០០០ គ្រួសារ ដោយសារតែជួបវិបត្តិជំងឺកូវីដ១៩។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋដែលធ្លាក់ទៅក្នុងភាពក្រ១ ក្រ២ ក្នុងបរិបទជំងឺកូវីដ១៩ ផងដែរ ដែលសរុបទឹកប្រាក់ដល់ពេលនេះអស់ជាង ២០លានដុល្លារហើយ។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ទទាំងអស់ ត្រូវបង្កើនការការពារខ្លួន ជៀសឱ្យផុតពីការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល «៣កុំ ៣ការពារ» ពិសេសការលាងសម្អាតដៃជាប្រចាំ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ៕