(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញមនុស្សចំនួន ៤២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ និងមានអ្នកជាសះស្បើយ ៥នាក់ផងដែរ។
រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។
ក្នុងករណីចេញរោគសញ្ញា ដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ ត្រូវទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕