(ប៉េកាំង)៖ ទីបំផុតប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់កូរ៉េខាងជើងនោះ បានចេញមុខព្រមាន ជាផ្លូវការទៅលើទីក្រុងព្យុងយ៉ាង ជុំវិញការបាញ់មីស៊ីលពីរគ្រាប់កាលពីព្រឹកមិញ ហើយទីក្រុងប៉េកាំងក៏បាន អំពាវនាវបន្ថែមទៀត ឲ្យប្រទេសជិតខាងមួយនេះអនុវត្តន៍ឲ្យបានទៅតាមដំណោះស្រាយរបស់អន្តរជាតិ (UNSC) និង មិនត្រូវបង្កភាពតានតឹងណាមួយនៅឧបទ្វីបកូរ៉េទៀតឡើយ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ នេះទៀតថា ការព្រមានរបស់ ចិននេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ដោយក្នុងនោះអ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ដែលបានសួរថាតើចិនមានជំហរបែបណា នៅពេលដែលកូរ៉េខាងជើង បានបង្កើនភាពតានតឹងថែមទៀត តាមរយៈការបាញ់គ្រាប់មីស៊ីលឈ្មោះថា រ៉ូដុង (Rodong) កាលពីព្រឹកថ្ងៃសុក្រនេះ៕