(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សរុបចំនួន ៧៧នាក់ ត្រូវបានពិនិត្យឃើញថាមានវិជ្ជមានកូវីដ-១៩ ក្នុងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ ឆ្លើយតបនឹងបញ្ហានៅចំពោះមុខនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងសិរីសោភ័ណ ក៏បានចុះបិទទីតាំងមួយចំនួនដែលពាក់ព័ន្ធនឹងជំងឺកូវីដនេះ ដូចជាសណ្ឋាគាររុងរឿង កន្លែងជួសជុលរថយន្ត ២កន្លែង និងផ្ទះប្រជាពលរដ្ឋ ៧ខ្នងទៀត។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោក ហ៊ុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានចុះប្រតិបត្តិការភ្លាមៗរួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុង និងខេត្ត។

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានជម្រាបជូសាធារណជន ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ប្រញាប់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន រយៈពេល១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃនោះទេ៕