(ណៃពិដោ)៖ នៅថ្ងៃទី១៨ ខែមីនានេះ ប្រធានាធិបតីមីយ៉ាន់ម៉ាថ្មី (ភូមា) លោក U Htin Kyaw នឹងចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីធ្វើការកាត់បន្ថយក្រសួង ដែលតាមការគម្រោង មានក្រសួងប្រមាណ ៧៥ភាគរយ នឹងត្រូវកាត់បន្ថយ នេះបើយោងតាមការចេញផ្សាយរបស់កាសែតមីយ៉ាន់ម៉ាថាម ចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែមីនានេះ។
លោក U Htin Kyaw បានឲ្យដឹងថា បច្ចុប្បន្នមានក្រសួងចំនួន ៣៦ ប៉ុន្តែនៅថ្ងៃនេះ លោកនឹងលើកយកផែនការកាត់បន្ថយចំនួនក្រសួងទៅពិភាក្សាគ្នានៅក្នុងសភា ដោយតាមគោលការណ៍របស់បក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) គឺរក្សាទុកត្រឹមតែ ១៨ក្រសួងប៉ុណ្ណោះ ក្នុងនោះមានក្រសួងសំខាន់ៗ៣គឺក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងក្រសួងកិច្ចការព្រំដែន។
ផែនការនេះ មានគោលបំណងកាត់បន្ថយការចំណាយជាចម្បងនៅក្នុងការកាត់បន្ថយឱនភាពថវិកាជាតិ។ «ហេតុផលសំខាន់សម្រាប់ការកាត់បន្ថយចំនួននៃក្រសួងនេះគឺដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ ប្រទេសយើងគឺជាប្រទេសមួយ ដែលមានប្រជាជនក្រីក្រខ្លាំង ដូច្នេះយើងចង់គ្រប់គ្រងជាមួយការចំណាយតិច»។ នេះជាសំដីរបស់លោក U Tun Tun Hein សមាជិកគណៈកម្មាធិការប្រតិបត្តិកណ្តាលបក្ស NLD៕