Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ នឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនា

28-06-2021 11:06

(ភ្នំពេញ)៖ ប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ នឹងចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ខាងមុននេះ។ នេះបើតាមលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តី ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពីត្រូវបានគណបក្សប្រជាជនជ្រេីសរេីសជាបេក្ខជន។

លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប។

សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕