(ភ្នំពេញ)៖ ក្រុមហ៊ុន ណឹម ម៉េង ដែលទទួលបានសិទ្ធិពីសាលារាជធានីភ្នំពេញ ធ្វើការជីកដាក់ប្រព័ន្ធលូភ្លោះ នៅកណ្ដាលទ្រូងផ្លូវលេខ៣៧១ ហៅផ្លូវសឡា ធ្វើខុសបច្ចេកទេស និងប្រើពេលយូរលើសផែនការ ធ្វើឲ្យម្ចាស់ផ្ទះនៅអមសងខាងផ្លូវ និង អ្នកធ្វើដំណើរឆ្លងកាត់នាំគ្នាខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ព្រោះតែធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ពួកគាត់។
សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃនេះ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានប្រិយមិត្តជាច្រើន បានបង្ហោះរូបភាពស្ដីពីសកម្មភាពក្រុមហ៊ុនជីកទ្រូងផ្លូវលេខ៣៧១ ហៅផ្លូវសឡា ដើម្បីដាក់ប្រព័ន្ធលូភ្លោះធ្វើឲ្យស្រុតផ្លូវនៅ អមសង្ខាងដោយប្រិយមិត្តភាគច្រើន ចាត់ទុកថា ជាការធ្វើខុសបច្ចេកទេសរបស់ក្រុមហ៊ុនទើបធ្វើឲ្យស្រុតផ្លូវរងការខូចខាតយ៉ាងដូច្នេះ។ ក្នុងនោះប្រិយមិត្តខ្លះទៀតបាន រិះគន់ថា ការដាក់ប្រព័ន្ធលូខាងលើនេះ គឺក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ បានបើកការដ្ឋានធ្វើតាំងពីចុងឆ្នាំ២០១៤ មកម្ល៉េះតែរហូតមកដល់ពេលនេះ នៅមិនទាន់ធ្វើហើយទៀតធ្វើឲ្យប៉ះពាល់ដល់ជីវភាព និង ការរស់នៅរបស់ប្រជាពលរដ្ឋ នៅសង្ខាងផ្លូវយ៉ាងខ្លាំងជាពិសេសអ្នកជួលផ្ទះជួលទីតាំងបើកអាជីវកម្មតែម្ដង។
ក្រោយមានការរិះគន់ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មន្ត្រីជំនាញមួយក្រុមរបស់សាលារាជធានី បានចុះធ្វើការពិនិត្យមើលលើករណីបាក់ស្រុតដីផ្លូវខាងលើនេះ ហើយបានរកឃើញថា ការបាក់ស្រុតនេះគឺបណ្ដាលមកពីការដាក់លូ ហើយមិនបានចាក់ដីបំពេញវិញឲ្យបានត្រឹមត្រូវ របស់ក្រុមហ៊ុនទទួលម៉ៅការស្ថាបនាការងារ ដាក់ប្រព័ន្ធលូខាងលើនេះ បូករួមទាំងមិនបានវាយសៀផាយទប់ដីផង ទើបធ្វើឲ្យបាក់ដីបែបនេះ។
សូមបញ្ជាក់ថា នៅក្នុងឧកាសបើកការដ្ឋានធ្វើស្ថានីយ៍បង្ហូរទឹកទួលគោកទី១ នៅត្រឡោកបែកកាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦កន្លងទៅនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ត្រីជំនាញ និងក្រុមហ៊ុនម៉ៅការ ជីកដាក់ប្រព័ន្ធលូ នៅតាមដងផ្លូវទាំងអស់ត្រូវជីកដាក់ប្រព័ន្ធលូ នៅតាមមុខផ្ទះប្រជាពលរដ្ឋគួរជីកត្រឹម ១០-២០ផ្ទះដាក់ និងលប់ឲ្យហើយ ចាំជីកដាក់បន្តទៀត ដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅ និងប្រកបអាជីវកម្មរបស់ពលរដ្ឋខ្លាំងពេក ដែលនាំឲ្យពួកគាត់ជួបផលលំបាក ក្នុងការរស់នៅ និង ប្រកបមុខរបរផ្សេងៗ ក៏ដូចធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់ តែសម្រាប់ក្រុមហ៊ុនរបស់ឧកញ៉ា ណឹម ម៉េង វិញដែលអាងខ្លួនពាក់ផ្កាយ ៣យោធា មិនបានយកចិត្តទុកដាក់អនុវត្តតាមឡើយ។
តាមការអះអាងពីមន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ការជីកដាក់ប្រព័ន្ធលូនៅផ្លូវលេខ៣៧១ ដោយក្រុមហ៊ុនរបស់លោកផ្កាយ៣ ណឹម ម៉េង ខាងលើនេះ បានបើកការដ្ឋានតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤មកម្ល៉េះ ដោយប្រើរយះពេល ៦ខែ ធ្វើឲ្យហើយ តែរហូតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំ ហើយនៅមិនទាន់ធ្វើហើយទៀត។
ឧកញ៉ាណឹម ម៉េង មិនត្រូវបានប្រជាពលរដ្ឋរិះគន់ តែរឿងជីកដាក់ប្រព័ន្ធលូនៅផ្លូវលេខ៣៧១ មានភាពយឺតយ៉ាវប៉ុណ្ណោះទេ សូម្បីតែការបានសិទ្ធិវិនិយោគកសាងផ្លូវមុនីរ៉េត ពីគល់ស្ពានស្ទឹងមានជ័យ ទៅដល់ស្ពានស្ទឹងព្រែកត្នោត ក៏ធ្វើមានការយឺតយូរ និង បង្កផលប៉ះពាល់ខ្លាំងផងដែរ។ ពាក់ព័ន្ធការយឺតយ៉ាវ ក្នុងការកសាងដែលនាំឲ្យប្រជាពលរដ្ឋនាំគ្នារិះគន់ខាងលើនេះ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ ភ្នាក់ងារ Fresh News មិនអាចធ្វើការទាក់ទងដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទាក់ទង៕