(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានលើកឡើងថា ពាក្យថា «សន្តិភាព» ងាយស្តាប់ ងាយនិយាយណាស់ តែប្រសិនបើយើងធ្វេសប្រហែសតែបន្តិចក្នុងការថែរក្សាសុខសន្តិភាព យើងងាយនឹងប្រឈមជាមួយការបាត់បង់អ្វីៗទាំងអស់។
លោក ហ៊ុន ម៉ានី បានលើកឡើងបែបនេះ ចំនឹងខួប៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតស៊ូរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបប៉ុលពត និងស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយកំពុងបន្តបេសកម្មថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស។
តាមរយៈបណ្តាញសង្គម Facebook លោក ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា៖ បើគ្មាន «សន្តិភាព» កុំថាឡើយសិទ្ធិសេរីភាពផ្សេងៗ សូម្បីអាយុជីវិតក៏ស្ថិតក្នុងភាពគំរាមកំហែងដែរ។ សន្តិភាព គឺមានសារសំខាន់ណាស់នៃសង្គមជាតិមួយ ជាមូលដ្ឋានគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ មានសន្តិភាពទើបកិច្ចការសង្គម សេដ្ឋកិច្ច និងនយោបាយ អាចដំណើរការទៅមុខបានដោយរលូន ប្រជាជនក៏អាចរស់នៅ ប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា ដោយគ្មានការភ័យខ្លាច និងសុខុដុមរមនា។
លោកបានបន្ថែមថា មេរៀនប្រវត្តិសាស្រ្តធ្លាប់បានបង្ហាញរួចមកហើយ នៅពេលដែលសុខសន្តិភាពត្រូវបានបាត់បង់ នៅពេលដែលឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងត្រូវបានបែកបាក់ នៅពេលទស្សនជាតិរួមត្រូវបានញំញី ដែលបណ្តាលឱ្យមជ្ឍដ្ឋានខាងក្រៅឆ្លៀតឱកាសញុះញង់ រុញស្ថានការណ៍ឱ្យកាន់តែធ្ងន់ធ្ងរ រហូតធ្វើឱ្យមានការបែងចែកកម្លាំងក្នុងប្រទេស ដែលអាចបណ្តាលឱ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្គ្រាមផ្ទៃក្នុងបានក្នុងមួយប៉ព្រិចភ្នែក។
«ដូច្នេះកត្តាសុខសន្តិភាព ជាកត្តាដាច់ខាត និងមិនអាចចរចា ដោះដូរ ឬតថ្លៃបាននោះទេ ទោះក្នុងតម្លៃណាក៏ដោយ»។ នេះបើតាម ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី៕