(ភ្នំពេញ)៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលចំនួន ១លានដូសទៀត នឹងដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។
វ៉ាក់សាំងស៊ីណូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៥ ស្មើនឹងទី ៥លានដូស ដែលដឹកមកដល់ប្រទេសកម្ពុជានៅក្នុងខែមិថុនា។
ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញសរុបប្រមាណ១០លានដូសរួចរាល់ហើយ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសនៅត្រឹមខែសីហា ឆ្នាំ២០២១នេះ។ ក្នុងនោះខែកក្កដា និងខែសីហា វ៉ាក់សាំងសរុប ៩លានដូសទៀតមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ការមកដល់របស់វ៉ាក់សាំង គឺបានលឿនជាងផែនការ ដែលកម្ពុជាបានកំណត់។ បើតាមលោក វង្សី វិស្សុត បានថ្លែងថា ដើមឡើយកម្ពុជារំពឹងថា វ៉ាក់សាំង២០លានដូសអាចទទួលបានរហូតដល់ដាច់ឆ្នាំ ឬដើមឆ្នាំ២០២២។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ភាពជោគជ័យនៃការទទួលបានវ៉ាក់សាំងអាស្រ័យលើកត្តាសំខាន់ពីរ រួមមានកត្តាបុគ្គលសម្តេចតេជោ ដែលបានប្រឹងប្រែងស្វះស្វែងរកទិញដោយដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ហើយកត្តាមួយទៀត គឺបុគ្គលសម្តេចតេជោ ជាបុគ្គលដែលរដ្ឋាភិបាលចិនផ្តល់តម្លៃ និងមានទំនាក់ទំនងល្អ។
តាមរយៈវត្តមានវ៉ាក់សាំង ដែលបានមកដល់មុនផែនការកំណត់នេះ លោក វង្សី វិស្សុត បានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងរៀបចំផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យបានលឿន។ លោក វង្សី វិស្សុត បានបង្ហាញការរំពឹងទុកថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចរួចរាល់ក្នុងកំលុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ៤លាននាក់ ស្មើនឹងជិត ៤០ភាគរយហើយ។
លោក វង្សី វិស្សុត បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ៕