(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានសហការជាមួយក្រុមហ៊ុនអង្គរហ្គ្រីន បើកយុទ្ធនាការបាញ់ថ្នាំទ្រង់ទ្រាយធំ ខណៈអ្នកវិជ្ជមានកូវីដ១៩ និងអ្នកស្លាប់កើនឡើងគួរឲ្យព្រួយបារម្ភ។

អភិបាលក្រុងបានលុង លោក ងិន ណែល ថ្លែងឲ្យដឹងថា ដោយមានការគាំទ្រពីក្រុមហ៊ុនអង្គរហ្គ្រីនអិនវេសមេននោះ ក្រុមការងារដំណាក់កាលដំបូងបាញ់ជុំវិញផ្សារ មណ្ឌលព្យាបាល និងចត្តាឡីស័កវិទ្យាល័យភូមិថ្មី និងមួយផ្នែកខ្លះក្នុងបុរីលឹម ប៊ុណ្ណា (ស្ថិតក្នុងសង្កាត់ឡាបានសៀក)។ លោកបន្តថា ក្រុមការងារនឹងបន្តទៅបាញ់តាមមន្ទីរ អង្គភាព និងបណ្តាស្រុកមួយចំនួនទៀតដែលប៉ះពាល់ការរីករាលជំងឺកូវីដ១៩។

លោក ងិន ណែល បញ្ជាក់ឲ្យដឹងទៀតថា វិធានការបិទខ្ទប់ជុំវិញផ្សារបានលុងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ប្រសិនបើសិនស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មានការថមថយនោះ អាជ្ញាធរនឹងបើកឲ្យក្រុមអាជីវករលក់ដូរ និងចេញ-ចូលលំនៅឋានពួកគាត់ដូចធម្មតា តែបើស្ថានភាពមិនថមថយទេ គឺអាចបន្តការបិទខ្ទប់បន្តទៀត។ ដូច្នេះប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យធ្វើតេស្តយកសំណាកឲ្យបានគ្រប់គ្នា ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងតទៅទៀត។

សូមបញ្ជាក់ថា នៅក្នុងខេត្តរតនគិរី គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៦៤នាក់ ព្យាបាលជាសះស្បើយចំនួន ២២នាក់ និងស្លាប់ ២នាក់៕