(ព្រះវិហារ)៖ «ដោយសារគុណបំណាច់របស់បងប្អូន ជាវរយុទ្ធជននៅសមរភូមិមុខ ទើបសមរភូមិក្រោយយើងខ្ញុំ មានសេចក្តីសុខដុមរមនា មានសមរភូមិមុខការពារបានសុខសាន្ត ទើបនៅសមរភូមិក្រោយមានការអភិវឌ្ឍ» នេះជាការលើកឡើងរបស់ អភិបាលខណ្ឌច្បារអំពៅលោក អ៊ាង ស៊ីផាន នៅដែលលោកបាន ដឹកនាំប្រតិភូសាលាខណ្ឌនាំយកអំណោយ និងថវិកាទៅជូនមន្រ្តីយោធា នៅតំបន់ព្រំដែននាទិសប្រាសាទព្រះវិហារ។ សូមបញ្ជាក់ថា ខណ្ឌច្បារអំពៅជាសម្ព័ន្ធមេត្រីភាព របស់វរសេនាតូច៣៩២។
លោក អ៊ាង ស៊ីផាន និងក្រុមការងារបានផ្តល់អំណោយដល់ កងទ័ពវរសេនាតូចអន្តរាគមន៍លេខ៣៩២ ចំណុះឲ្យកងពលតូច អន្តរាគមន៍លេខ៩ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន នៅជួរមុខនាតំបន់ប្រាសាទព្រះវិហារ ក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។
លោក ណន ធិន ប្រធាន វរសេនាតូចលេខ៣៩២ និងនាយទាហាន ពលទាហាន ទាំងអស់ អរគុណយ៉ាងជ្រាលជ្រៅ ដែលបានឃើញវត្តមានរបស់ថ្នាក់ដឹកនាំខណ្ឌច្បារអំពៅ និងបងប្អូនប្រជាជនយើងគ្រប់ស្រទាប់ជាន់ថ្នាក់ របស់ខណ្ឌច្បារអំពៅ នៅឯសមរភូមិក្រោយ មានទឹកចិត្តសាមគ្គីភាពគ្នា ជាធ្លុងមួយ ដោយបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមចំណែកគាំទ្រ លើកទឹកចិត្តដល់វរកងទ័ពកម្ពុជាយើង នៅសមរភូមិមុខ កាន់តែមានសន្ទុះ និងទឹកចិត្ត យ៉ាងមុះមុតបន្ថែមទៀត ក្នុងការការពារបូរណភាពទឹកដីជាតិខ្មែររបស់យើង នៅតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ។
លោកប្រធានវរសេនាតូចលេខ៣៩២ បានលើកឡើងទៀតថា ចំពោះអំណោយជាស្បៀងអាហារគ្រប់មុខ ដែលគណ:ប្រតិភូខណ្ឌច្បារអំពៅ និងសប្បុរសជន នាំយកមកប្រគល់ជូនដល់ កងទ័ពនាពេលនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ទ្រទ្រង់ដល់ ជីវភាពកងទ័ព នៅសមរភូមិមុខ។
លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូន កងទ័ពនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពាន មកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ។
លោក ញាណ ចាន់សោភា នាយករងរដ្ឋបាល សាលាខណ្ឌច្បារអំពឡ បានឲ្យដឹងថា អំណោយដែលប្រតិភូសាលាខណ្ឌច្បារអំពៅ យកមកផ្តល់ជូនដល់វរ:សេនាតូចលេខ៣៩២នាពេលនេះ រួមមាន : ម៉ាស៊ីនបូមទឹក១គ្រឿង, ម៉ាស៊ីនភ្លើង១គ្រឿង, ម៉ាស៊ីនត្រង់ស៊ីន័រ មុខកាត់៨តឹក២គ្រឿង, មីយើង១០កេសធំ, ទឹកផ្លែឈើ២០កេស, សៀង៣ប៊ីដុង, ទឹកត្រី១០០យួរ, ទឹកស៊ីអ៊ីវ១០០យួរ, ផ្លែល្ពៅ ២បាវ និងថវិកា២១លានរៀល សម្រាប់អង្គភាព ព្រមទាំងជូនវិរៈកងទ័ពចំនួន៤៥០នាក់ ក្នុងម្នាក់ៗទទួល បានថវិកា៥ម៉ឺនរៀលផងដែរ។ ជាមួយគ្នានេះ លោក អ៊ាង ស៊ីផាន បានចូលរួមបច្ច័យក្នុងការកសាងវត្ត ចំនួន ២លានរៀល ព្រមទាំងផ្តល់ប្រេងជិត២០០០លីត្រ សម្រាប់អង្គភាពផងដែរ៕