(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បាននាំយកនូវមូលនិធិ ហោ ណាំហុង-បូរី ហោ ដែលមានដូចជា គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងថវិកា ចែកជូនដល់ចាស់ៗ ដែលជាអ្នករើសអេតចាយ អ្នកលក់លៀស និងអ្នកខ្សត់ខ្សោយ ចំនួន ១០០នាក់។

ចាស់ៗទាំង ១០០នាក់ រួមមាន៖ អ្នករើសអេតចាយ ៧៨នាក់ អ្នកលក់លៀស ១៥នាក់ អ្នកសុំទាន ៥នាក់ កម្មករសំណង់ ១នាក់ និងអ្នកលក់ទឹកកកឈូស ១នាក់ ហើយពិធីចែកអំណោយមនុស្សធម៌នេះដែរ បានធ្វើឡើងនៅទីតាំងអង្គការផ្ទះបាយកុមារ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាជ័យជំនះ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់អង្គពិធីទាំងមូល ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ និងលើកស្ទួយដល់ប្រជាពលរដ្ឋគ្រប់រូប។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ថែមថា ចំពោះអំណោយដែលចែកជូនដល់ចាស់ៗទាំង ១០០នាក់ ក្នុងថ្ងៃនេះ គឺជាការរួមចំណែកជាមួយសម្តេចទាំងទ្វេ ក្នុងការជួយលើកស្ទួយសកម្មភាពមនុស្សធម៌ក្នុងសង្គម ក៏ដូចជាការគិតគូរពីសុខទុក្ខផ្នែកស្បៀងអាហារដល់ប្រជាពលរដ្ឋទូទៅមួយផ្នែកដែរ។

ស្របពេលជំងឺកូវីដ១៩ កំពុងរាលដាលខ្លាំងផងដែរនោះ ឧបនាយករដ្ឋមន្ត្រី ហោណាំហុង បានអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ និង២ ចូលរួម ដែលក្នុងនោះ «៣ការពារ គឺពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រ កន្លះឡើងទៅ និង៣កុំ គឺកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៉ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម និង២ចូលរួម គឺការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ១៩»

អ្នកដែលទទូលបានអំណោយពីឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណដល់លោកជាពន់ពេក ហើយពួកគាត់ចាត់ទុកថា អំណោយទាំងនេះពិតជាមានសារៈសំខាន់ណាស់ ស្របពេលកំពុងមានបញ្ហាស្បៀងអាហារ ដោយសារវិបត្តិកូវីដ១៩។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពិតជានៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈមែន។

បើតាមប្រធានអង្គការផ្ទះបាយកុមារ, អង្គការនេះបានបង្កើតឡើងនៅឆ្នាំ២០១១ និងមានសកម្មភាពជួយសង្គម តាមរយៈការផ្តល់ចំណីអាហារដល់កុមារទន់ខ្សោយ ក៏ដូចជាតម្រង់ទិសពួកគេឲ្យក្លាយជាប្រជាពលរដ្ឋល្អសម្រាប់ជាតិ៕