(ភ្នំពេញ)៖ ឯករដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក យូជី គូម៉ាម៉ារុ បានថ្លែងថា ក្នុងរយៈពេលប្រមាណ២៤ឆ្នាំ (១៩៩២-២០១៦) កន្លងមកនេះ មាននិស្សិតកម្ពុជាជាង ១ពាន់នាក់ហើយ បានទទួលអាហារូបករណ៍សិក្សា នៅក្នុងប្រទេសជប៉ុន។
លោក យូជី គូម៉ាម៉ារុ បានថ្លែងដូច្នេះក្នុងឱកាសរូបលោកអញ្ជើញចូលរួមក្នុងពិធី ទទួលសិស្សជប៉ុនមកពីវិទ្យាល័យ Sapporo Kiyota ប្រមាណ២០នាក់ មកផ្លាស់ប្តូរទស្សនកិច្ចសិក្សានៅកម្ពុជា នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅស្ថានទូតជប៉ុន។
ឯកអគ្គរដ្ឋទូតជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរ យុវជនវ័យក្មេងជាច្រើន ក្នុងគោលបំណងជំរុញការយល់ដឹងយុវជនវ័យក្មេងជប៉ុន ជាមួយយុវជន នៃបណ្តាប្រទេសផ្សេងៗទៀត។
លោក ពិន ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថាប្រទេសជប៉ុន ជាប្រទេសមួយ ដែលបានផ្តល់អាហារូបករណ៍ច្រើនកន្លែងសម្រាប់សិស្ស និស្សិតកម្ពុជា ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍធនធានមនុស្ស របស់កម្ពុជា។
បន្ថែមពីលើការផ្តល់អាហារូបករណ៍ហើយនោះ ក្នុងមួយឆ្នាំៗ ជប៉ុន ក៏បានអញ្ជើញយុវជនកម្ពុជា ទៅបំពេញទស្សនកិច្ចសិក្សា ទៅលើកម្មវិធីជាច្រើន ដូចជា កម្មវិធីនាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAPY) កម្មវិធីផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា (JENESYS) និងកម្មវិធីជាច្រើន។
លោក ពិន ចំណាន បានបញ្ជាក់ថា កម្មវិធីខាងលើនេះ ធ្វើឲ្យយុវជន នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានស្គាល់គ្នា ពង្រឹងសហប្រតិបត្តិការយុវជនប្រទេសទាំងពីរ ផ្លាស់ប្តូរវប្បធម៌ ការសិក្សាជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា៕