(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកស្បៀងអាហារ ទឹកបរិសុទ្ធ ផ្តល់ជូនកម្មករសំណង់ចំនួន ២៣៩នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យ ជា ស៉ីម បឹងកេងកង។

ខណៈចុះនាំយកស្បៀងអាហារជូនកម្មករ ដែលកំពង់ធ្វើចត្តាឡីស័កនាឱកាសនោះ លោក ធឹម សំអាន បានស្នើដល់អ្នកធ្វើចត្តាឡីស័កបន្តអនុវត្តតាមការណែនាំនូវវិធានការ ៣ការពារ របស់សម្ដេចតេជោ គឺការពាក់ម៉ាស ការលាងដៃ និងការរក្សាគម្លាតសុវត្ថិភាពសង្គម បុគ្គល និង ៣កុំ គឺកុំចូលទៅទីកន្លែងដែលបិទជិតគ្មានខ្យល់ចេញ-ចូល ហើយប្រើម៉ាស៉ីនត្រជាក់ច្រើន កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីប្រជុំជនដែលមានការជួបជុំច្រើន និងកុំប៉ះពាល់គ្នាក្នុងអំឡុងពេលនេះជៀសវាងការចាប់ដៃសូមលើកដៃសំពះ។

ខណៈចុះផ្តល់ស្បៀងអាហារនោះ លោក ធឹម សំអាន បានក្រើនរំលឹកដល់កម្មករដែលកំពុងធ្វើចត្តាឡីស័ក ដោយបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់កូវីដ-១៩ ផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា ដោយខាងក្រុមហ៊ុនមិនទាន់បានចាត់ចែងស្បៀងអាហារជូនដល់កម្មករ រដ្ឋបាលខណ្ឌបឹងកេងកង ក៏បាននាំយកអំណោយមួយចំនួន រួមមាន អង្ករ ១១បាវ ត្រីខ ៥០យួរ មី ១០០កេស ទឹកត្រី ១១យួរ ទឹកស៉ីអ៉ីវ ១១យួរ ម៉ាស ២៥០០ ទឹកសុទ្ធ ៧០កេស ដើម្បីចែកជូនដល់កម្មករដែលកំពុងធ្វើចត្តាឡីស័ក៕