(ភ្នំពេញ)៖ អាជ្ញាធរចម្រុះ បានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។
ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។
ប្រតិបត្តិកាចុះដកហូតសត្វតោនោះ ធ្វេីឡេីងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដែលជនជាតិចិន បានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់។
នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ បានឱ្យដឹងថា «ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោ នៅក្នុងផ្ទះវីឡាខាងលេីពីសំណាក់បុរសជនជាតិចិន ទេីបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វេីការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដេីម្បីបញ្ជូនទៅថែរក្សាទុក»។
លោកបានបន្តថា ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។
លោកបានគូសបញ្ជាក់ថា «ចំពោះសត្វតោឈ្មោលមួយក្បាលនោះនឹងធ្វេីការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដេីម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វេីការណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត»។
សូមបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម៕