(ព្រះវិហារ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងលោកស្រី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរបស់ខ្លួន នាំយកអំណោយ និងថវិកាយកទៅចែកជូនដល់ មន្រ្តីយោធានៅតំបន់សមរភូមិ ទិសប្រាសាទព្រះវិហារ លើទឹកដីខេត្តព្រះវិហារ ដែលធ្លាប់ជាកន្លែងក្តៅគគុក នាប៉ុន្មានឆ្នាំកន្លងទៅនេះ។
នៅរសៀលថ្ងៃនេះ ប្រតិភូសាលាខណ្ឌដូនពេញ បានធ្វើដំណើរទៅដល់ទឹកដី ខេត្តព្រះវិហារហើយ ព្រមទាំងបានជួប សំណេះសំណាល ជាមួយយោធានៅទីនោះ ប្រកបដោយភាពស្និតស្នាលជាទីបំផុត។
លោក ចាប ឌីណា ប្រធានផ្សារកណ្តាល ដែលបានចូលរួមដំណើរទៅជាមួយ លោកអភិបាលខណ្ឌបានថ្លែងថា «ក្រុមការងារ របស់យើង បានមកដល់ហើយ ដោយលោកអភិបាលខណ្ឌ បានចុះសួរសុខទុក្ខមន្រ្តីកងទ័ព របស់យើងតាមបន្ទាយ និងតាមគោលដៅ ព្រមទាំងបានជួបសំណេះសំណាល ជាមួយគ្រួសារកងទ័ពប្រកបដោយភាពរាក់ទាក់ និងស្នាមញញឹមរវាង សមរភូមិជួរមុខ និងសមរភូមិជួរក្រោយ»។
បើតាមលោក ចាប ឌីណា អំណោយ រួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនត្រូវបានយកចែកជូន មន្រ្តីយោធានៅទីនេះ ដែលកំពុងឈរការពារទឹកដីដ៏អង់អាចក្លាហាន៕