(ព្រៃវែង)៖ មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះថា នៅយប់មិញកម្លាំងអាវុធហត្ថរបស់លោក ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅផ្ទះសំណាក់ «ហេងហេង» ស្ថិតនៅភូមិ៤ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍។ សម្រាប់ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំចំនួន៦កញ្ចប់ និងវត្ថុមួយចំនួនទៀត។
ជនសង្ស័យទាំង២នាក់រួមមានទី១ឈ្មោះ មុត កេនចំរើន ហៅដាវីដ អាយុ៥៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងទី២-ឈ្មោះ កង លីណា ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិលេខ១សង្កាត់វាលវង់ ខណ្ឌ៧មករា។ សម្រាប់ជនសង្ស័យទាំង២នាក់ និងវត្ថុតាំងទាំងនេះ ត្រូវបានយកទៅសួរនាំបន្តទៀត នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី៕