(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសម្នាក់ ដែលក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសារក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ការចាប់ខ្លួនជនល្មើសខាងលើ ធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានពីលោកវរសេនីយ៍ អ៉ឹង សុភ័ក្ត្រ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មានសង្ស័យមានជនម្នាក់ក្លែងបន្លំខ្លួន ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនល្មើស នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ LHR និងចំណុចផ្ទះលេខ១២០បេ ភូមិចំកាឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផល គឺឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបាន រួមមាន អាវុធខ្លី ១ដើម ម៉ាកTACTICAL23 លេខ WET5168 និងបង់ចំនួន ២(កាំភ្លើងហ្គាស), គ្រាប់អាវុធប្រភេទ 9mm ចំនួន ១២គ្រាប់ ខ្នោះដៃ ចំនួន ១គូ, វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន ១គ្រឿង, ស្រោមអាវុធខ្លី ចំនួន ៤ស្រោម, កាតនគរបាលជាតិក្លែងក្លាយចំនួន ២សន្លឹក, ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ, កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក, មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន ២ និងថ្នាក់អនុសេនីយ៍ ១ , ឯកសណ្ឋាននគរបាលជាតិចំនួន ៦កំប្លេ, ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌ មួយចំនួនធំ, ប្រអប់ដាក់អាវុធខ្លីម៉ាក CZ ចំនួន១, ម៉ាស៊ីនកាត់កាត ចំនួន ១គ្រឿង, អាវក្រោះការពារគ្រាប់ចំនួន ១អាវ, អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិចំនួន១ កាបូបដាក់សម្ភារៈចំនួន ៣, ស្បែកជើងកវែងចំនួន ១គូ។
ដោយមានបណ្ដឹងមួយចំនួនទៀត មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសម្រេចបញ្ជូនជនសង្ស័យ និងភស្តុតាងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕