(កណ្ដាល)៖ ដេប៉ូខ្សាច់ធំមួយរបស់ឈ្មោះ ប៉េង ចាន់ថន ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង បានបំពានផ្ដាច់ផ្លូវសាធារណៈក្រោយភូមិ ដែលពលរដ្ឋធ្វើដំណើរទៅវត្ត ហើយកាយដីធ្វើឲ្យខូចលូរបស់ឃុំអស់១៣៥កង់ និងបណ្ដាលឲ្យស្ទះចរន្តទឹកហូរបណ្ដាលឲ្យលិចលង់ពេលភ្លៀងធំម្ដងៗ ត្រូវបានពលរដ្ឋជាង៥០គ្រួសារ ប្ដឹងតវ៉ាទៅអាជ្ញាធរឃុំព្រែកគយដោះស្រាយបញ្ហានេះ ខណៈអាជ្ញាធរឃុំបានបញ្ជាឲ្យម្ចាស់ដេប៉ូត្រូវដោះស្រាយបន្ទាន់។
បើតាមលោក ឈាង តាង មេឃុំព្រែកគយ បានអះអាងមកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលការតវ៉ាផ្ដិតមេដៃរបស់ពលរដ្ឋប្រមាណជា៥០គ្រួសារ សំណូមពរឲ្យអាជ្ញាធរដោះស្រាយបន្ទាន់ ចំពោះដេប៉ូខ្សាច់របស់លោក ចាន់ ថន ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ លោកក៏បានលើករឿងស្នើខាងស្រុកដោះស្រាយបន្ទាន់។
លោកថា ជាលទ្ធផលនៃដំណោះស្រាយនេះ គឺលោកបានបញ្ជាឲ្យលោក ចាន់ ថន ត្រូវដោះស្រាយកាយបើកផ្លូវទឹកហូរវិញជាបន្ទាន់ និងដាក់លូឲ្យបានគ្រប់ និងស្របតាមស្តង់ដា ហើយត្រូវបើកផ្លូវសាធារណៈឡើងវិញ ដើម្បីឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកជាធម្មតា។
បើតាមលោក ពាល តំណាងម្ចាស់ដេប៉ូខ្សាច់បានបញ្ជាក់ថា លោកបានអនុវត្តអាជ្ញាធរស្រុកស្អាង ដែលបានបង្គាប់បញ្ជាឲ្យធ្វើការជួសជុលអ្វីដែលខូចខាត ហើយបច្ចុប្បន្នបានស្ថាបនាលូជិតរួចរាល់ហើយ និងបានកាយបើកមុខទឹកឡើងវិញហើយដែរ។
គួរជម្រាបថា កាលពីកន្លងទៅពេលមេឃភ្លៀងខ្លាំងម្ដងៗ ទឹកប្រឡាយមិនអាចហូរបានដោយសារដេប៉ូខ្សាច់នេះ បានបិទមុខទឹក ហើយខូចខាតលូថែមទៀត ដែលបណ្ដាលឲ្យទឹកលិចលង់ក្នុងភូមិ ក្នុងនោះសូម្បីរោងស្តុកមាន់មួយកន្លែងរបស់លោក ហេង គឹមសាន្ត កូនលោកមេឃុំព្រែកគយ ក៏បានលិចលង់ ដែលបណ្ដាលឲ្យក្លិនបន្តិចបន្តួច ហើយត្រូវបានគេចោទថា កង្វះខាតអនាម័យបណ្ដាលឲ្យស្អុយជាដើម។ ប៉ុន្តែធាតុពិតបើតាមការអះអាងរបស់លោក ហេង គឹមសាន្តថា ដោយសារដេប៉ូខ្សាច់ទើបស្ទះទឹកអត់ហូរទើបលិចលង់ ប៉ុន្តែពេលទឹកហូរស្រកអស់ទើបកន្លែងស្តុកមាន់អាចសំអាតបានវិញ ហើយគ្មានឡើយការបំភាយក្លិនស្អុយទៅពលរដ្ឋ៕