(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យមើល និងណែនាំដល់អាជីវករ ម្ចាស់ទីតាំងមួយចំនួន ហើយបានបិទភោជ្ជនីដ្ឋានដាយ៍មិនរីវើផាប់ និងបិទផ្លូវ ពីផ្លូវលេខ១៨ជាប់ខាងត្បូងមន្ទីរសុខាភិបាលខេត្ត ទល់ផ្លូវព្រះសុរាម្រិត (តាមមាត់ទន្លេ) កែងផ្លូវលេខ៧៣ខាងត្បូង ដាយមិនស៉ីតធី ស្ថិតនៅក្រុងក្រចេះ ក្រោយពីមានករណីផ្ទុះវិជ្ជមានកូវីដ១៩ ចំនួន២៧នាក់។
លោក វ៉ា ថន បានបញ្ជាក់ថា ករណីនេះបានដឹងកាលពីល្ងាចម្សិលមិញ ដោយបានរកឃើញអ្នកពាក់ព័ន្ធចូលហូបក្នុងភោជនីយដ្ឋាន «ដាយ៍មិនរីវើផាប់» ដល់ព្រឹកមិញនេះ ចាត់វិធានការបន្ទាន់ពិនិត្យ និងបិទទីតាំង ហើយបានធ្វើតេស្តរកឃើញអ្នកវិជ្ជមានចំនួន២៧នាក់ គិតត្រឹមរសៀលថ្ងៃនេះ ក្នុងនោះមានទាំងមន្រ្តីរាជការ និងអ្នកនៅទីនេះ ខណៈក្រុមការងារកំពុងចាត់វិធានការស្រាវជ្រាវអ្នកពាក់ព័ន្ធ។
លោកអភិបាលខេត្ត បានបន្តទៀតថា ចំពោះតំបន់នេះ អាជ្ញាធរខេត្តត្រូវកាត់ជ្រៀកបិទជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវឲ្យអស់សិន ព្រោះនៅនេះមានកន្លែងហាត់ប្រាណផង មានលក់ដូរកន្លែងរបស់ពិសារច្រើនប្រភេទ៕