(កំពង់ចាម)៖ លោក ឯម កុសល ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅភូមិទាំងបួន ក្នុងឃុំទួលសំបួរ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់គណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងសេចក្ដីសម្រេចកែសម្រួលសមាសភាព ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។
ក្នុងឱកាសនោះ លោក ឯម កុសល បាននាំយកអំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ព្រមទាំងនាំយកនូវទេយ្យវត្ថុ ទេយ្យទាន មួយចំនួនប្រគេនជូនព្រះសង្ឃគង់នៅវត្ត ឧប្បលគីរី ហៅវត្តទួលសំបួរ។
គួរជម្រាបថា ក្នុងជំនួបនោះក្រុមការងាររៀបចំអនុវត្តតាមវិធានសុខាភិបាល ដោយវាស់កម្ដៅ លាងដៃនឹងអាល់កុល ដោយក្រុមគ្រូពេទ្យ និងរក្សាគម្លាត សុវត្ថិភាពផងដែរ៕