(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បន្តក្រើនរំលឹកយ៉ាងទទូចដល់ប្រជាពលរដ្ឋ ដែលទៅចាក់វ៉ាក់សាំងត្រូវគោរព និងអនុវត្តន៍តាមការរៀបចំរបស់អាជ្ញាធរ និងក្រុមការងារចាក់វ៉ាក់សាំង ពោលត្រូវធ្វើយ៉ាងណាកុំឱ្យកន្លែងចាក់វ៉ាក់សាំង ក្លាយទៅជាកន្លែងចម្លងជំងឺកូវីដ១៩។
ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងនៅក្នុងខេត្តកំពង់ស្ពឺនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពិនិត្យឃើញថា ដំណើរការចាក់វ៉ាក់សាំង រៀបចំបានល្អប្រសើរ។
តែទោះជាយ៉ាងណានៅជួបបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការមកចាក់របស់ប្រជាពលរដ្ឋ ដែលមិនបានអនុវត្តន៍ឱ្យត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ វាស់កម្តៅ និងបាញ់អាល់កុល ជាពិសេសការរក្សាគម្លាត។
លោក ឥត សារ៉ាត់ បានអំពាវនាវយ៉ាងដូច្នេះ «អ្វីដែលខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋធ្វើម៉េចរក្សាសណ្តាប់ធ្នាប់ រក្សាវិធានការ [៣ការពារ ៣កុំ] ជាពិសេសរក្សាគម្លាត ពាក់ម៉ាស់ ហើបាញ់អាល់កុល។ ថ្វីដ្បិតមានការខិតខំរៀបចំពីក្រុមការងារ និងរដ្ឋអំណាច តែទឹកចិត្តប្រជាពលរដ្ឋចង់មកចាក់វ៉ាក់សាំង។ យើងនឹងខិតខំរៀបចំសណ្តាប់ធ្នាប់»។
លោកបន្តអំពាវនាវទៀតថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារធ្វើម៉េចរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីចៀសវាងកុំឱ្យកន្លែងចាក់វ៉ាក់សាំង ក្លាយទៅជាកន្លែងចម្លងជំងឺកូវីដ១៩»។
ក្នុងដំណើរចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។
លោក ឥត សារ៉ាត់ បានថ្លែងថា ក្រុមការងារចាក់វ៉ាក់សាំង រីករាយជាមួយការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយពួកគាត់ចាត់ទុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាការធ្វើបុណ្យមួយដ៏ធំផងដែរ។
សូមបញ្ជាក់ថា តាមផែនការគ្រោងទុកនៅក្នុងភូមិសាស្ត្រស្រុកទាំង៨ របស់ខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ ប្រមាណជា ២៧៨,៦៤៦នាក់។ ក្នុងនោះអង្គភាពកងទ័ពទទួលចាក់ប្រមាណជាជាង ២៦៨,៦៧០នាក់ ក្នុងស្រុកចំនួន៦ រួមមានស្រុកស្រុកបរសេដ្ឋ ស្រុកគងពិសី ស្រុកសំរោងទង ក្រុងច្បារមន ស្រុកភ្នំស្រួច និងស្រុកឧដ្ដុង្គ។
ដោយឡែកប្រជាពលរដ្ឋប្រមាណជា ៩,៩៧៦នាក់ទៀតក្នុងភូមិសាស្ត្រស្រុកថ្ពង និងស្រុកឱរ៉ាល់ គឺផ្នែកសុខាភិបាលខេត្តកំពង់ស្ពឺ ជាអ្នកទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋ។
ខេត្តកំពង់ស្ពឺ ក៏ដូចជាខេត្តព្រះសីហនុ កោះកុង និងតាកែវផងដែរ កងទ័ពបានបើកប្រតិបត្តិការចាក់វ៉ាក់សាំងកាលពីថ្ងៃទី២២ ខែមិថុនា។ សម្រាប់ខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួន ៦៧,៧៥៤នាក់ ស្រី ៤៣,៦១៤នាក់៕