(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច លោកស្រី ម៉ែន សំអន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នេះ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនអ្នកស្រី គង់ សារឿន អតីតជាមេបញ្ជាការកងអនុសេនាធំនារីដោះមីន ខេត្តស្វាយរៀង ដែលបច្ចុប្បន្នកំពុង ជួបភាពពិការក្នុងវ័យចាស់ជរា។
អ្នកស្រី គង់ សារឿន អាយុ ៥៩ឆ្នាំ មានជំងឺស្ពឹកផ្នែកខាងឆ្វេងមួយចំហៀងខ្លួន ងងឹតភ្នែក ត្រចៀកថ្លង់ ហើយដៃ និង ជើងពិបាកក្នុងការធ្វើចលនា បច្ចុប្បន្នរស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង។
ចាប់តាំងពីអង្គភាពរបស់លោកស្រី ត្រូវបានរំសាយតាំងពីថ្ងៃ២៤ ខែសីហា ឆ្នាំ១៩៩២មក លោកស្រីពុំមានចំណូលអ្វីសម្រាប់គ្រួសារទេ ហើយខ្លួនមានជំងឺមិនអាចធ្វើស្រែចំការ បានទៀតធ្វើឲ្យលោកស្រី ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
លោកស្រី ម៉ែន សំអន បានថ្លែងថា ថវិកា ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន អ្នកស្រី គង់ សារឿន នាពេលនេះ បានបង្ហាញពីទឹកចិត្តសណ្តោសប្រណី និងអាណិតស្រឡាញ់ របស់សម្តេច ចំពោះអតីតយុវនារី ដែលជួបការលំបាក៕