(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លាប់បុរសម្នាក់វ័យ៧០ឆ្នាំ រស់នៅភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ដោយសារជំងឺកូវីដ១៩ និងមានប្រវត្តិលើសឈាម ព្រមទាំងស្លាប់មួយចំហៀងខ្លួនរយៈពេល១០ឆ្នាំមកហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញកូនរបស់បុរសរូបនេះ មានវិជ្ជមានកូវីដ១០ ហើយបានបន្ដស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលករណីរបស់កូនគាត់បន្ដទៀត។ នៅវេលាម៉ោង១១យប់ បុរសរូបនេះបានស្លាប់បាត់បង់ជីវិត។
ដោយសារបុរសរូបនេះ ជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយកូនជាអ្នកជំងឺកូវីដ១៩ ក្រោយពេលបុរសរូបនេះស្លាប់ភ្លាម ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដរហ័ស កូវីដ១៩ បានលទ្ធផលវិជ្ជមាន។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសឈ្មោះ សុខ យ៉េត អាយុ៧០ឆ្នាំ បានស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល ដោយជំងឺលើសឈាម និងមានវិជ្ជមានជំងឺកូវីដ១៩៕