(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានលើកឡើងថា គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់៣៥០លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ប្រមាណជាង៦០ម៉ឺនគ្រួសារ។
រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បាន៨ជុំហើយ ដែលជុំទី៨នឹងបញ្ចប់នៅខែមិថុនានេះ ប៉ុន្ដែលោក វង្សី វិស្សុត អះអាងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មិនទាន់ត្រូវបានបិទបញ្ចប់ត្រឹមជុំទី៨នោះទេ ពោលរាជរដ្ឋាភិបាល កំពុងត្រៀមរៀបចំដាក់ចេញវិធានការជុំទី៩បន្ដទៀត។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «មកដល់ថ្ងៃនេះ ចំណាយខ្ទង់៣៥០លានដុល្លារហើយ ទៅលើគ្រួសារប្រហែលជា៦០ម៉ឺនគ្រួសារ។ ឥលូវនេះយើងកំពុងពិនិត្យពិភាក្សា ដើម្បីរៀបចំដាក់ចេញវិធានការជុំទី៩ ក្នុងការជួយទៅដល់អ្នកក្រ អ្នករកស៉ី ធុរកិច្ចដែលពិបាក ហើយខ្ញុំរំពឹងថាជំនួយសង្គមនឹងបន្ដទៀត»។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២១នេះ គឺជាឆ្នាំដែលរាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាយ៉ាងច្រើនលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប៉ុន្ដែបើទោះបីជាត្រូវចំណាយថវិកាច្រើនក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជា នៅអាចទ្រាំទ្របាន។
លោកអះអាងទៀតថា ពេលកំពុងជួបវិបត្តិជំងឺកូវីដ១៩នេះ ក្រៅពីវិស័យទេសចរណ៍ដែលជួបប្រទះការលំបាក វិស័យផ្សេងៗជាច្រើនទៀត បែរជាមានឱកាសវិញ ពិសេសការនាំចេញទៅក្រៅប្រទេសមិនមានការធ្លាក់ចុះនោះទេ។
សូមរំលឹកដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការ អនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន បានចំនួន៨ជុំ រួចមកហើយ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ គឺជាកម្មវិធីជំនួយសង្គមមួយ ក្នុងចំណោមកម្មវិធីជំនួយផ្សេងៗទៀត ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រាដែលកម្ពុជាកំពុងជួបប្រទះនូវបញ្ហាប្រឈមជាមួយជំងឺកូវីដ១៩៕