(កំពង់ចាម)៖ លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់ យកអំណោយចែកជូនពលរដ្ឋក្រីក្រជួបការលំបាក។
ក្នុងឱកាសនោះ លោក សោ សាវឿន បានដឹកនាំក្រុមការងារមូលដ្ឋានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា អង្ករ មី ម៉ាស និងអាល់កុល របស់លោក ហ៊ុន ណេង ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន៣០គ្រួសារ ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក សោ សាវឿន ក៏បានផ្ដាំផ្ញើដាស់តឿនឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។
អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ម៉ាស១ដុំ, អាល់កុល១ដប, ថវិកា១០០,០០០រៀល និងជូនក្រុមការងារឃុំថវិកា៣០០,០០០រៀល ព្រមទាំងម៉ាស និងអាល់កុលផងដែរ៕