(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលមាន៤២ក្រុម និង១៥ក្រុម បានបន្តចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមការកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
ជាក់ស្តែងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
បើយោងតាមរបាយការណ៍ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ បុគ្គលិកឯកវិស័យជន និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានលទ្ធផលតាមការប្រគល់ភារកិច្ចរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសរួមមាន៖ ដូសទី១ បានចំនួន១៩៩,៥០២ដូស និងដូសទី២ បានចំនួន ១៣០,៧៣៩ដូស។
របាយការណ៍ដដែល បានបន្តថា គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានចាក់វ៉ាក់ជូនមន្ត្រីរាជការ បុគ្គលិកវិស័យឯកជន និងប្រជាពលរដ្ឋនៅមណ្ឌលចំនួន០៣ បានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ។ ទីតាំងដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនា បានចាក់វ៉ាក់សាំងជំហានទី១ រួមមាន៖ សណ្ឋាគារកាំបូឌីយ៉ាណា, អគារគណៈមេធាវី ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ។ ដោយឡែកទីតាំងចាក់វ៉ាក់សាំងជំហានទី២ រួមមាន៖ ខណ្ឌសែនសុខ កំពុងបន្តចាក់វ៉ាក់សាំង និងជំហានទី៣ នៅខណ្ឌជ្រោយចង្វារ និងស្រុកកោះធំ ខេត្តកណ្តាល។ បច្ចុប្បន្ននេះ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តចាក់វ៉ាក់សាំងកូវីដ១៩ នៅខណ្ឌជ្រោយចង្វារ ៥ទីតាំង និងស្រុកកោះធំ ៥ទីតាំង។ ដែលកំពុងបន្តចាក់វ៉ាក់សាំងយ៉ាងសកម្មជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាក្រុមគោលដៅ។
លោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមគ្រូពេទ្យស្មគ័្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមគ្រូពេទ្យក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវ ដែលកំពុងតែ រាតត្បាត នៅលើពិភពលោកក៏ដូចជានៅប្រទេសកម្ពុជា។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថាវី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដល់ក្រុមពេទ្យស្ម័គ្រចិត្ត ផងដែរ៕