(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានការងារបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះផ្សព្វផ្សាយ «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ជូនដល់សមាជិក សមាជិកា និងគណៈពង្រឹងការងារនៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ។
ថ្លែងទៅកាន់ពិធីនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ ភូមិ អាជ្ញាធរស្រុក ឃុំ ភូមិ និងសមាជិកក្រុមការងារទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ ទាំងលទ្ធផលនៃការបោះឆ្នោត និងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ កន្លងមក។
លោក ប៉ាន សូរស័ក្តិ ក៏បានស្នើឱ្យក្រុមការងារទាំងអស់ បន្តរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្សស្ថិតស្ថេរ តាមរយ:ការយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ បានដកស្រង់យកចំណុចសំខាន់ៗពីសេចក្តីសម្រេចខាងលើមកបកស្រាយលម្អិតមួយចំណុចម្តងៗ និងពន្យល់ ណែនាំបន្ថែមស្របទៅតាមទិដ្ឋភាពជាក់ស្តែង ភាពចាំបាច់ដែលត្រូវតែផ្លាស់ប្តូរ និងកែលម្អទៅតាមដំណាក់កាលទាំង៤ នៃសេចក្តីសម្រេចនេះ។
លោកបានជំរុញឱ្យសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចាប់ផ្តើមសកម្មភាពក្នុងដំណាក់កាលទីមួយនេះ ហើយក៏ត្រូវត្រៀមលក្ខណៈអនុវត្តដំណាក់កាលជាបន្តបន្ទាប់ មុនឈានដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃកំណត់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ផងដែរ។
«ភាពជោគជ័យរបស់យើងគឺនៅលើឆន្ទ:ពុះពារ លះបង់ សហការ និងការប្តេជ្ញាចិត្តរបស់សមាជិកយើងគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ដូច្នេះក្នុងនាមខ្ញុំជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខ្ញុំនឹងចូលរួមឧបត្ថម្ភ គាំទ្រ និងសហការ ដឹកនាំអនុវត្តសេចក្តីសម្រេចនេះឱ្យទទួលបានជោគជ័យនៅអាណត្តិទី៥បន្តទៀត»។ នេះជាការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា។
មុននឹងបញ្ចប់ពិធីផ្សព្វផ្សាយដ៏មានសារៈសំខាន់សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នោះ លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យអាជ្ញាធរស្រុកទាំងពីរបន្តយកចិត្តទុកដាក់ ចាត់ចែង និងគ្រប់គ្រងក្នុងមណ្ឌលចត្តាឡីស័ក ឱ្យកាន់តែល្អប្រសើ និងជៀសវាងហានិភ័យណាមួយកើតឡើងជាយថាហេតុ។
លោកក៏បានក្រើនរំលឹកជូនសមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ថា ស្ថានភាពជំងឺឆ្លងកូវីដ-១៩ មិនទាន់ធូរស្បើយនៅឡើយទេ ហេតុនេះត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការ បីកុំ រួមមានទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។
បីការពារ រួមមានទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។
ក្នុងឱកាសលោក ប៉ាន សូរស័ក្តិ ក៏បានជួយឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនទៀត ជូនអាជ្ញាធរស្រុកទាំងពីរ ដើម្បីយកទៅទុកប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក និងសម្រាប់វិធានការការពារជំងឺឆ្លងកូវីដ-១៩៕