(ស្ទឹងត្រែង)៖ សេចក្ដីរាយការណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា បន្ដរកឃើញមានអាជីវករផ្សារស្ទឹងត្រែង រហូតដល់៨នាក់វិជ្ជមានជំងឺកូវីដ១៩ ខណៈមន្ដ្រីសុខាភិបាល និងអាជ្ញាធរខេត្ត កំពុងរៀបចំសណ្ដាប់ធ្នាប់ ដើម្បីយកសំណាកអ្នកដែលមានការពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩។
លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ ដើម្បីរៀបចំយកសំណាកនេះ។ ក្នុងនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ដែលជាអ្នកដឹកនាំបញ្ជាកម្លាំងអាវុធហត្ថដោយផ្ទាល់ រៀបចំសណ្ដាប់ធ្នាប់នៅទីតាំងប្រឈម ដោយស្លៀកពាក់នូវឯកសណ្ឋានការពារជំងឺកូវីដ១៩។
សូមជម្រាបថា រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៦១នាក់ថ្មីបន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ម្នាក់ឆ្លងក្នុងសហគមន៍ តាមរយៈការធ្វើតេស្តរហ័ស នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញថ្មីទាំង៦១នាក់ខាងលើនេះ ភាគច្រើនជាបុគ្គលិក នៅភោជនីយដ្ឋានកាឡាក់ស៊ី និងមន្ត្រីសុខាភិបាលខេត្ត។
រដ្ឋបាលខេត្ត សូមជូនដំណឹងជាការប្រញាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងឈ្មោះ ខន រិទ្ធី ដែលវិជ្ជមានជំងឺកូវីដ១៩ខាងលើ ទំនាក់ទំនងជាបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩បានទាន់ពេលវេលា និងសូមចូលរួមអនុវត្តវិធានការ «ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕