(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់លោក KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន ថាក្នុងនាមសមាជិករដ្ឋមន្ត្រីការពារជាតិអាស៊ានកម្ពុជា នៅតែបន្តរក្សាបំណងប្រាថ្នារួម និងមានឆន្ទៈចង់ឃើញប្រជាជនក្នុងតំបន់អាចរស់នៅដោយសេរីភាព តម្លាភាព បរិយាប័ន្ន សុខដុមរមនា និងសមត្ថភាពក្នុងការប្រកួតប្រជែង។
ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារគ្នា រវាងសម្តេច និងលោក KISHI Nobuo តាមប្រព័ន្ធ Video Conference នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះលោករដ្ឋមន្ត្រី KISHI Nobuo បានលើកឡើងពីចក្ខុវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានសម្តែងការព្រួយបារម្ភចំពោះបញ្ហាដែលកើតឡើងនៅសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង សភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េ។
សម្តេចរដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិករដ្ឋមន្ត្រីការពារជាតិអាស៊ាន កម្ពុជានៅតែបន្តរក្សាបំណងប្រាថ្នារួម និងមានឆន្ទៈចង់ឃើញប្រជាជនក្នុងតំបន់អាចរស់នៅដោយសេរីភាព តម្លាភាព បរិយាប័ន្ន សុខដុមរមនា និងសមត្ថភាពក្នុងការប្រកួតប្រជែង»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនថា ការកសាងសហគមន៍អាស៊ានក្រោមទស្សនៈ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ» ពិតជាមានសារសំខាន់ក្នុងការរួបរួមគ្នាកសាងតំបន់មួយ មានលក្ខណៈសេរី និងបើកចំហតាមរយៈការលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងគោរពច្បាប់ ដើម្បីធានារួមឱ្យបាននូវកិច្ចការសន្តិសុខ សន្តិភាព និងវិបុលភាពតំបន់ ជៀសវាងការជ្រៀតជ្រែក ឬការបម្រើនយោបាយរបស់ប្រទេសណាមួយ ដែលមិនស្របតាមបំណង និងមិនបម្រើផលប្រយោជន៍ជូនប្រជាជនតំបន់ សហគមន៍ទាំងមូល។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជាសូមលើកទឹកចិត្តចំពោះភាគីពាក់ព័ន្ធដោះស្រាយបញ្ហាក្នុងតំបន់ ដោយគោរព និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិការមិនជ្រៀតជ្រែក ការគោរពបែបផែននៃការរស់នៅ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រ ដែលជាគុណតម្លៃរបស់ប្រទេសនីមួយៗ ក្នុងគោលដៅពង្រឹងតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព។
បន្ថែមពីនេះរដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់បន្ថែមថា «កម្ពុជាសូមគាំទ្រយន្តការទាំង៥របស់អាស៊ាន និងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម "តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ" ដែលមានលក្ខណៈសេរី បើកចំហរ បរិយាប័ន្ន និងតម្លាភាព»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើលោករដ្ឋមន្ត្រី KISHI Nobuo ជួយពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់សិក្ខាកាមកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន និងបន្តផ្តល់ជំនួយសម្ភារៈ មធ្យោបាយ រួមទាំងផ្នែកសន្តិសុខលម្អសមុទ្រ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំការពារប្រទេស ចូលចតនាវា ចែករំលែកព័ត៌មាន, បទពិសោធន៍នានា ផ្តល់ជំនួយឧបករណ៍ សម្ភារៈ បម្រើឱ្យវិស័យរក្សាសន្តិភាព និងគ្រោះមហន្តរាយ។ល។ ក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ១៩ មានភាពធូរស្រាល។
ក្នុងកិច្ចពិភាក្សាគ្នានេះដែរ ភាគីទាំងពីរ បានចាត់ទុកថា កិច្ចពិភាក្សានាថ្ងៃនេះពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ជប៉ុន សំដៅលើកកម្ពស់សមត្ថភាពវិស័យការពារជាតិសន្តិសុខ នយោបាយ រួមទាំងផ្នែកមនុស្សធម៌ តាមរយៈបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ពុទ្ធិ រួមចំណែកកសាងចំណងមិត្តភាពកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាព៕