(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូបានរៀបចំ «ការចាប់ផ្តើមអនុវត្តគម្រោងហ្គូស្ពីន (GO-SPIN)» តាមប្រព័ន្ធវីដេអូ នាពេលថ្មីៗនេះ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧ.វ.ប.ន. និង លោកស្រី Peggy Oti-Boateng តំណាងយូណេស្កូនៃទីស្នាក់ការកណ្តាលទីក្រុងប៉ារីស និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័ន ស្ថានទូត ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)។
នៅក្នុងពិធីចាប់ផ្តើមគម្រោងនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងឧ.វ.ប.ន.បានចែករំលែកអំពីប្រព័ន្ធអេកូឡូស៊ី វ.ប.ន. នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ អ្នកជំនាញការអន្តរជាតិមកពីអង្គការយូណេស្កូបានណែនាំអំពីធាតុផ្សំនៃវិធីសាស្រ្ត GO-SPIN ដើម្បីរៀបចំការស្រាវជ្រាវនិងនវានុវត្តន៍ លើទិដ្ឋភាពសំខាន់ៗនៃវិស័យ វ.ប.ន. របស់គម្រោងសម្រាប់អនុវត្តនៅក្នុងប្រទេសកម្ពុជា។
លោក Sardar Umar Alam បានវាយតម្លៃខ្ពស់ដល់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យ វ.ប.ន. និងបានសម្គាល់ថា «ការវិនិយោគលើវិស័យនេះ ពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់វិទ្យាសាស្ត្រគឺជាអាទិភាព និងជាតម្រូវការបន្ទាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងដើម្បីពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និងភាពធន់ទៅនឹងបរិស្ថាន»។ លោកក៏បានគូសបញ្ជាក់ដែរថា ការចាប់ផ្តើមគម្រោង GO-SPIN នៅក្នុងប្រទេសកម្ពុជានឹងជួយជំរុញការលើកកម្ពស់ វ.ប.ន. សម្រាប់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន។
ដោយឡែកលោកស្រី Peggy Oti-Boateng បានថ្លែងថា «វិធីសាស្រ្តថ្មីក្នុងការអភិវឌ្ឍ GO-SPIN សម្រាប់បរិបទប្រទេសកម្ពុជា នឹងមិនត្រឹមតែប្រមូលព័ត៌មាននិងធ្វើការវិភាគស៊ីជម្រៅលើវិស័យ វ.ប.ន. បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវអនុសាសន៍ និងការណែនាំជាយុទ្ធសាស្ត្រដល់រដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ី វ.ប.ន.ប្រកបដោយចីរភាពផងដែរ»។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានផ្តល់អាទិភាពខ្ពស់ចំពោះការអនុវត្តគម្រោង GO-SPIN នេះ និង បានសង្កត់ធ្ងន់ថា «ការអភិវឌ្ឍ GO-SPIN សម្រាប់បរិបទប្រទេសកម្ពុជាគឺជាអាទិភាពរបស់យើង ដែលជាឧបករណ៍សម្រាប់វាស់កម្រិតនៃភាពជឿនលឿនផ្នែក វ.ប.ន. របស់ជាតិនាពេលបច្ចុប្បន្ន និងកំណត់វឌ្ឍនភាព និងបញ្ហាប្រឈមនានានៃវិស័យនេះនៅកម្ពុជា»។
លោកកិត្តិសេដ្ឋាបណ្ឌិត បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀតចូលរួមក្នុងបេសកកម្មដ៏សំខាន់នេះផងដែរ។
សូមជម្រាបថា ក្រសួង ឧ.វ.ប.ន. និងអង្គការយូណេស្កូនឹងរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព និងសិក្ខាសាលាប្រឹក្សាយោបល់នានា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងវិស័យ វ.ប.ន ដើម្បីសម្រេចការអភិវឌ្ឍ GO-SPIN សម្រាប់ប្រទេសកម្ពុជាឱ្យបាននៅចុងឆ្នាំ ២០២១នេះ៕