(កណ្តាល)៖ ក្រុមអាជីវករដឹកថ្ម និងដឹកខ្សាច់ បានរិះគន់សមត្ថកិច្ច ក្រុងតាខ្មៅ ជុំវិញករណីឆ្មក់ចាប់រថយន្តរបស់ពួកគាត់នៅចំណុចរង្វង់មូលគល់ស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានពិន័យប្រាក់ក្នុងមួយគ្រឿងៗចំនួន ៣០ម៉ឺនរៀល ដោយមិនបានចេញបណ្ណពិន័យ និងវិក័យបត្រត្រឹមត្រូវ។

ក្រុមអាជីវករនិយាយថា ពួកគាត់គាំទ្រការចុះអនុវត្តច្បាប់ចរាចរណ៍លើការដឹកជញ្ជូន ហើយក៏មិនប្រកែកដែរចំពោះកំហុសរបស់ខ្លួនដែលបានរកស៊ីដឹកជញ្ជូនខ្សាច់ និងថ្មល្មើសច្បាប់ត្រូវបានសមត្ថកិច្ចចាប់ពិន័យរថយន្តមួយគ្រឿង ៣០ម៉ឺនរៀលនោះ។

ប៉ុន្តែពួកគាត់ចេះតែឆ្ងល់ថា ពេលឃាត់រថយន្តនោះ សមត្ថកិច្ចមិនបានចេញបណ្ណពិន័យ និងវិក័យបត្រឲ្យពួកគាត់នោះទេ គ្រាន់តែប្រាប់ថា ការដឹកជញ្ជូនមិនគ្របតុងវេចខ្ចប់ត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ ហើយរថយន្តដឹកខ្សាច់ បានហូរទឹកហៀរកខ្លាក់ពេញផ្លូវធ្វើឲ្យប៉ះពាល់បរិស្ថាន។ ដូច្នេះអាជ្ញាធរត្រូវពិន័យក្នុងរថយន្តមួយគ្រឿង ៣០ម៉ឺនរៀលទាំងអស់ស្មើៗគ្នា ហើយអនុញ្ញាតឲ្យរថយន្តពួកគាត់ចេញដំណើរការដឹកជញ្ជូនធម្មតាវិញ។

ពាក់ព័ន្ធនឹងករណីនេះ អធិការនគរបាលក្រុងតាខ្មៅ លោក យី វណ្ណដា បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ថា ការដាក់កម្លាំងឆ្មក់ចាប់រថយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺធ្វើតាមបទបញ្ជារបស់អភិបាលក្រុងតាខ្មៅ ហើយការដឹកនាំប្រតិបតិ្តការនេះគឺខាងសាលាក្រុងទាំងអស់។

ចំណែកអភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណារ៉ា ក៏បានបញ្ជាក់តាមទូរស័ព្ទឲ្យដឹងដែរថា ពាក់ព័ន្ធរឿងនេះសូមឲ្យសួរទៅខាងក្រុមការងារធ្វើផ្ទាល់ គណៈកម្មាការមានខាងក្រុង មានខាងខេត្ត មន្ទីរសាធារណៈការ មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន ចូលទាំងអស់ គណៈកម្មការពិភាក្សាគ្នា និងចុះអនុវត្តផ្ទាល់ទើបដឹង។

ពាក់ព័ន្ធរឿងដែលក្រុមអាជីវករលើកឡើងថា ការផាកពិន័យមិនចេញវិក័យបត្រ លោកអភិបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ខាងគណៈកម្មការមានចេញលិខិតស្នាមត្រឹមត្រូវ សូមឲ្យក្រុមអាជីវករបង្ហាញលិខិតស្នាមនោះ យកមកពិនិត្យមើល តើនៅក្នុងលិខិតស្នាមនោះ ដាក់ថា ពិន័យ ឬជាលក្ខណៈការចូលរួម ឬជាលក្ខណៈកិច្ចសន្យា ហើយកុំអាលនិយាយថា ពិន័យ បើពិន័យគឺមានវិក័យបត្រត្រឹមត្រូវ។

ទោះជាយ៉ាងនេះក្តី ក្រុមអាជីវករបានស្នើសុំដល់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ច បើចាប់រថយន្តផាកពិន័យ សូមចេញបណ្ណពិន័យ និងវិក័យបត្រផង ម្យ៉ាងទៀតបើចុះអនុវត្ត សូមអនុវត្តឲ្យមានភាពស្មើគ្នា ពីព្រោះបានមើលឃើញថា រថយន្តដឹកខ្សាច់ ដឹកថ្មល្មើសច្បាប់មានច្រើនណាស់បាន និងកំពុងធ្វើចរាចរណ៍កាត់មុខសមត្ថកិច្ចជារៀងរាល់ថ្ងៃ៕