(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៧នាក់ទៀត ខណៈអ្នកជំងឺ ៤នាក់ បានជាសះស្បើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣៨ ដល់ទី៤៤ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង។

ករណីទី៤៥ ដល់ទី៥០ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២ និងករណីទី៥១ និងទី៥២ ជាករណីមកពីរាជធានីភ្នំពេញ។ ចំពោះករណីទី៥៣ និង៥៤ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ, ករណីទី៥៥ ដល់ទី៥៦ ជាអ្នកធ្វើដំណើរមកពី ខេត្តតាកែវ និង ករណីទី៥៦ និង៥៧ ជាករណីមកពីខេត្តឧត្តរមានជ័យ។

សម្រាប់អ្នកជំងឺ៤នាក់ ដែលជាសះស្បើយ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨០៨នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧៣នាក់ ស្លាប់៩នាក់ និង៥២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕