(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយនគរបាល ខណ្ឌចំការមន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួល ពីតំណាងអយ្យការផងនោះ បានបើកប្រតិបត្តិការចុះបង្ក្រាប និងចាប់ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៧នាក់ នៅវេលាម៉ោង ១២៖២០នាទី ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចបន្ទប់លេខ ២០២-២០៣ ផ្ទះសំណាក់យីហោ «ភ្នំមាស» ក្រុម៣១ស្ថិត នៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះថា ក្រោយពីមានករណីប្លន់ នៅតាមមូលដ្ឋានក្នុងទឹកដីខណ្ឌចំការមន រួចមកកម្លាំងនគរបាលរបស់លោក និងកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូត តាមទៅបង្ក្រាប និងចុះចាប់ក្រុមចោរប្លន់ទាំងនេះខណៈកំពុង ប្រមូលផ្ដុំគ្នានៅផ្ទះសំណាក់ខាងលើ។
លោក យិន សាន បានបញ្ជាក់ថា «ជនសង្ស័យទាំងនេះតែងតែធ្វើសកម្មភាព ប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ហើយពេលក្រុមនេះ ចេញពីក្លឹបកំសាន្តកម្លាំងយើង ក៏ឆ្មក់ចូលបង្ក្រាបនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើនេះបានចំនួន៧នាក់ ព្រមទាំងដកហូតម៉ូតូចំនួន៤គ្រឿង»។ ម៉ូតូទាំង៤គ្រឿងរួមមាន ម៉ាកស៊ុយសូគី Next ពណ៌ខ្មៅ អត់ស្លាកលេខ ម៉ាកស៊ុយសូគី Next ពណ៌ត្រួតចេក ពាក់ស្លាកលេខ ភ្នំពេញ1DD-4966 ម៉ាកស៊ុយសូគីលេត ភ្នំពេញ1FH-6462 និងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FB-9667។
សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តការសួរនាំ ចាត់ការតាម នីតិវិធីទៀត៕