(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សេសសល់ក្នុងមូលដ្ឋាន ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង សូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា (នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ) តាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនា តទៅ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

អភិបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាក្នុងមូលដ្ឋានឱ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងដូច្នេះបានធ្វើឡើង បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីឱ្យក្រុមគ្រូពេទ្យ បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត។

លោក ជា ពិសី បានគូសបញ្ជាក់ថា «សូមអស់លោក-លោកស្រីចៅសង្កាត់ នៃរដ្ឋបាលសង្កាត់ទាំង៧ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋសេសសល់ឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋាន ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ចាប់ពីថ្ងៃអាទិត្យទី២៧ ខែ មិថុនា តទៅរហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១»៕