(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល សៀមរាប បាននាំយកអំណោយមួយចំនួនជូនរដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងខេត្ត។
ក្នុងឱកាសប្រគល់អំណោយនេះ លោកស្រីនាយិកាសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ ត្រូវការចាំបាច់នូវការចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងនាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប, លោក ពិន ប្រាកដ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុលប្រ៊ូល ដែលបានផ្តល់ជូននូវជាគ្រឿងឧបភោគបរិភោគ បម្រើដល់យុទ្ធនាការប្រយុទ្ធប្រឆាំង បង្កា ទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប។
លោក ក៏បានជម្រាបជូនសប្បុរសជន និងតំណាងក្រុមហ៊ុនផងដែរថា ក្នុងកំលុងពេលកម្ពុជា កំពុងជួបនូវវិបត្តិជំងឺកូវីដ៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវស្បៀង សម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ដើម្បីយកទៅផ្គត់ផ្គង់ប្រជាពលរដ្ឋដែលបានវិលមកពីក្រៅប្រទេស និងប្រឈមហានិភ័យខ្ពស់នៃការកើតជំងឺកូវីដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងបានកំពុងបិទខ្ទប់ជាបណ្តោះអាសន្ន នៅតាមឃុំ សង្កាត់ និង ផ្សារក្នុងខេត្ត។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់នោះ រួមមាន៖ អង្ករ ចំនួន ៥តោន មី ៤០០កេស និងទឹកបរិសុទ្ធ ៣៥០កេស។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ មិថុនា មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧៥១នាក់ហើយ។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៦៧នាក់ ស្លាប់៩នាក់ និង ៤៧៥នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង វិទ្យាល័យដំដែកស្រុកសូទ្រនិគម និង មណ្ឌល ចត្តាឡីស័កគរុកោសល្យនិងវិក្រឹតការខេត្ត ព្រមទាំងបង្កើតមណ្ឌលព្យាបាលជម្ងឺកូវិត នៅវិទ្យាល័យអង្គរបន្ថែមមួយកន្លែងទៀត ដើមី្បទ្រទ្រង់សភាពការនេះផងដែរ៕