(កណ្ដាល)៖ អាជ្ញាធរខេត្តកណ្តាល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៩៦នាក់ ជាសះស្បើយចំនួន ៣៦២នាក់ ក្នុងនោះមានទណ្ឌិតចំនួន ២០នាក់ផងដែរ។ នេះបើតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលដឹកនាំលោកគួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានខិតខំព្យាបាលអ្នកជំងឺទាំងអស់ទូទាំងខេត្តដោយមិនគិតពីការនឿយហត់ ក្រោមការចង្អុលបង្ហាញពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលជាលទ្ធផលមើលឃើញថា ករណីជាសះស្បើយមានកាន់តែច្រើនឡើងៗ ជារៀងរាល់ថ្ងៃ ពិសេសសម្រាប់ទណ្ឌិតក្នុងពន្ធនាគារ មានការថែទាំ និងព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតរហូតឈានដល់ការព្យាបាលជាសះស្បើយចំនួន ២០នាក់បន្ថែមទៀត ខណៈទណ្ឌិតដែលជាសះស្បើយសរុបមានចំនួន ៥០២នាក់ហើយ។

បើតាមរបាយការណ៍បានបញ្ជាក់ថា សម្រាប់អ្នកឆ្លងកូវីដ១៩ ទាំង៩៦នាក់ តាមបណ្ដាស្រុក-ក្រុងរួមមាន៖

*ក្រុងតាខ្មៅចំនួន ១៦នាក់
*ស្រុកកណ្ដាលស្ទឹងចំនួន១នាក់
*ស្រុកមុខកំពូលចំនួន២នាក់
*ស្រុកកៀនស្វាយចំនួន ៥នាក់
*ស្រុកខ្សាច់កណ្ដាលចំនួន៥នាក់
*ស្រុកកោះធំ ៥នាក់
*ស្រុកលើកដែកចំនួន ៥នាក់
*ស្រុកល្វាឯមចំនួន ១នាក់
*ស្រុកអង្គស្នួលចំនួន ៤៣នាក់
*ស្រុកពញ្ញាឮចំនួន ៨នាក់
*ស្រុកស្អាងចំនួន៥នាក់

សម្រាប់ចំនួនទណ្ឌិតដែលកំពុងសម្រាកព្យាបាលនៅក្នុងពន្ធនាគារខេត្តកណ្ដាល ដែលជាសះស្បើយមានចំនួន ២០នាក់។ ដូច្នេះទណ្ឌិតជាសះស្បើយសរុបគិតមកដល់ទី២៥ ខែមិថុនានេះ មានចំនួន ៥០២នាក់។

ដោយសម្រាប់អ្នកត្រូវធ្វើចត្តាឡីស័កវិញបែងចែកជា២ គឺនៅតាមផ្ទះ និងនៅតាមមណ្ឌល ខណៈដែលអ្នកត្រូវធ្វើនៅតាមមណ្ឌលមានចំនួន ៨៩៩នាក់ រីឯអ្នកត្រូវធ្វើនៅតាមផ្ទះមានចំនួន ៥,៨៥៤នាក់។ អ្នកត្រូវបញ្ចប់ចត្តាឡីស័កនៅមណ្ឌលមានចំនួន ៧,២៨២នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន ៣៥,២៦៦នាក់។

រីឯចំនួនអ្នកឆ្លងសរុបមានចំនួន ៦,៧៩០នាក់ ជាសះស្បើយសរុបមានចំនួន ៥,៤៧៤នាក់ ករណីស្លាប់សរុបមានចំនួន ២៦នាក់៕