(ព្រះវិហារ)៖ ដើម្បីចូលរួមអបអរសារទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ» ទេសរដ្ឋមន្ត្រី មាស សុភា ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំថវិកាសរុបចំនួន ៨៥,០០០,០០០រៀល ប្រគល់សាខាកាកបាទក្រហកម្ពុជា ខេត្តព្រះវិហារ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថាថវិកាដែលនាំមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅពេលនេះ គឺបានមកពីការចូលរួមចំណែករបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងសប្បុរសជនសរុបចំនួន ៤៥លានរៀលនិងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ចូលរួមឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ផងដែរ។
នាយឱកាសនោះដែរ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ព្រមទាំងក្រុមការងារទាំងអស់ ដែលបាននាំយកថវិកាមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តនាពេលនេះ។
បើតាមការឱ្យដឹងពីលោក យ៉ុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានទទួលថវិកាសរុបពីសប្បុរសជន ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ សរុបចំនួន ៧១,១៧៥ដុល្លារអាមេរិក៕