(ភ្នំពេញ)៖ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងដឹកនាំមន្រ្តីគយ និង រដ្ឋាករកម្ពុជា ចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក អង្គការគយពិភពលោកលើកទី១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើការងារពាក់ព័ន្ធ ដូចជាការសម្រួលពាណិជ្ជកម្ម និង ទប់ស្កាត់បទល្មើសគយឆ្លងដែន។
យោងតាមមន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថាសន្និសីទនេះធ្វើឡើងចាប់ពីថ្ងៃទី១៤-១៨ ខែមីនា ឆ្នាំ២០១៦ ដោយ មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលគយចំនួន ២២ប្រទេស មកពីអគ្គលេខាធិការ នៃអង្គការគយពិភពលោក ការិយាល័យទទួល បន្ទុកកសាងសមត្ថភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក និង ការិយាល័យទំនាក់ទំនងស៊ើបការសម្ងាត់តំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
ប្រភពបន្តថា សន្និសីទបានពិនិត្យ និង ពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៤- ២០១៦ ដែលផ្តោតសំខាន់លើការងារអាទិភាពចំនួនបួនរួមមាន៖ ១. កិច្ចសម្រួលពាណិជ្ជកម្មនិងសន្តិសុខ, ២. ការអនុវត្តច្បាប់ និង អនុលាមភាព, ៣. ការកសាងសមត្ថភាព និងទី៤. ការងារស្រាវជ្រាវ និងអភិវឌ្ឍ។
សន្និសីទរយៈពេល ៥ថ្ងៃនេះ ក៏បានអនុម័តដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្តថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៦-២០១៨ ដើម្បី បន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងសន្តិសុខថ្នាក់តំបន់ និង បន្តពង្រឹងសមត្ថភាពការងារស្រាវជ្រាវ និងអភិវឌ្ឍក្នុងគោលដៅ ទំនើបកម្មរដ្ឋបាលគយ។
អង្គសន្និសីទក៏បានពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអង្គការគយពិភពលោក ដែលបានអនុម័តនាខែធ្នូ ឆ្នាំ២០១៣ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
ដើម្បីឈានទៅអនុវត្តកិច្ចព្រមព្រៀងនេះ ឲ្យបានពេញលេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានស្នើឲ្យការិយាល័យទទួល បន្ទុកកសាងសមត្ថភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិនិត្យមើលលទ្ធភាពក្នុងការផ្តល់កម្មវិធីកសាងសមត្ថភាពពាក់ព័ន្ធនឹងការអនុវត្តកិច្ច ព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអង្គការគយពិភពលោក។
ទន្ទឺមនេះ អង្គសន្និសីទបានឯកភាពជាឯកច្ឆន្ទគាំទ្របេក្ខភាពរដ្ឋបាលគយប្រទេសហ្វីជី ជាអនុប្រធានអង្គការគយពិភពលោកតំបន់ អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០១៦-២០១៨ ដើម្បីជំនួសរដ្ឋបាលគយម៉ាឡេស៊ី ដែលត្រូវបញ្ចប់អាណត្តិ ។
ឆ្លៀតក្នុងឱកាសចូលរួមសន្និសីទនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូរដ្ឋបាលគយ ឡាវដឹកនាំដោយឯកឧត្តម Athsaphangthong Siphandone អគ្គនាយកគយឡាវក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយរវាងប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំលោកបណ្ឌិត គុណ ញឹម បានស្វាគមន៍សំណើរបស់រដ្ឋបាលគយឡាវ ដើម្បីធ្វើទស្សនកិច្ចការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពាក់ព័ន្ធការអនុវត្តប្រព័ន្ធ ASYCUDA និង ការងារ បច្ចេកទេសគយ។
ទន្ទឺមនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយលោក Lee Chul-Hun អនុប្រធានការិយាល័យ ទំនាក់ទំនងស៊ើបការសម្ងាត់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបន្តពង្រឹងកិច្ចសហការរវាងភាគីទាំងពីរជាពិសេសលើការងារកសាងសមត្ថ ភាពសម្រាប់មន្រ្តីគយនិងរដ្ឋាករកម្ពុជា និងចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងបទល្មើសគយឆ្លងដែន។
លោក គុណ ញឹម ក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន NUCTEC ដឹកនាំដោយលោកសាស្រ្តាចារ្យ Miao Qitian អនុ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន NUCTEC លើការងារពាក់ព័ន្ធនឹងការងារថែទាំងម៉ាស៊ីនស្កែនកុងតឺន័រ។
សូមបញ្ជាក់ថា ក្រុមហ៊ុន NUCTEC គឺជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ម៉ាស៊ីនស្កែនកុងតឺន័រប្រភេទ MT1213LT ដែលរដ្ឋាភិបាលចិន បានផ្តល់ចំនួន ៨គ្រឿងដល់កម្ពុជា ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណង៕