(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង ប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរម្នាក់ អាយុ៧០ឆ្នាំ និងស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៦០ឆ្នាំ ដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង ២នាក់រួមមាន៖
*ទី១៖ មន្ទីរពេទ្យបង្អែកស្រែអំបិល បានឱ្យដឹងថាបុរសជនជាតិខ្មែរ ឈ្មោះ សាត លីអយ អាយុ៧១ឆ្នាំ រស់នៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី មានលទ្ធផលវិភាគវិជ្ជមានកូវីដ១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង។
ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧៖១៥នាទី។
*ទី២៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងថាស្រ្តីជនជាតិខ្មែរ ឈ្មោះ សុខ ឃាន់ អាយុ៦០ឆ្នាំ រស់នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកកោះកុង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី មានលទ្ធផលវិភាគវិជ្ជមានកូវីដ១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង។
ដោយការវិវត្តរបស់ជំងឺ កាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២៖៥០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ អ្នកជំងឺទាំង ២នាក់ខាងលើ បានបាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ ដែលបណ្តាលមកពីវីរុសកូរីដ១៩៕