(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានអំពាវនាវឲ្យកូរ៉េខាងជើង ផ្អាកសកម្មភាពគឃ្លើន របស់ខ្លួនជាបន្ទាន់ ដើម្បីកុំឲ្យស្ថានការណ៍ នៅឧបទ្វីបកូរ៉េ កាន់តែអាក្រក់ជាងនេះទៀត ស្របពេលរដ្ឋាភិបាលជប៉ុនបាន ប្រកាសជំទាស់យ៉ាងដាច់ខាត ចំពោះការបាញ់គ្រាប់មីស៊ីល របស់កូរ៉េខាងជើង នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
គួរបញ្ជាក់ថា កាលពីព្រឹកមិញនេះកូរ៉េខាងជើង បានធ្វើការបាញ់គ្រាប់មីស៊ីល រយៈចម្ងាយមធ្យម ៨០០គីឡូម៉ែត្រ ធ្លាក់ចូលទៅក្នុងដែនទឹកសមុទ្រ។ ការធ្វើតេស្តនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្ម បន្ថែមទៀតលើមន្ត្រីកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ព្រមទាំងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមួយចំនួនទៀត។ កូរ៉េខាងជើង តែងតែប្រឆាំងយ៉ាងដាច់ខាតផងដែរ ទៅនឹងសមយុទ្ធយោធារវាងអាមេរិក និង កូរ៉េខាងត្បូង៕