(កំពង់ឆ្នាំង)៖ លោក ជួន សំអុល ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រចាំការនៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់តាមទូរស័ព្ទថា ដីព្រៃឈើតាមជើងភ្នំ ចំនួន១៤ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិខ្វិតទួលឃ្លាំង ត្រូវបានម្ចាស់កសិដ្ឋានចិញ្ចឹមចៀមឈ្មោះលោក ប៊ុន ចាន់វីរៈ និងឪពុករបស់គាត់ឈ្មោះលោក ខូវ គៀត លួចឈូសឆាយ និងហ៊ុព័ទ្ធរបងយកជាកម្មសិទ្ធិក្នុងអំឡុងពេលថ្មីៗកន្លងទៅនោះ។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញបានហៅទាំងពីរនាក់ឪពុកកូន មកសាកសួរបំភ្លឺអំពីករណីខាងលើនេះ នៅទីស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ប្រចាំឃុំជៀបផងដែរ។
បន្ទាប់ពីធ្វើការសាកសួររួចមក ពួកគេទាំង២នាក់ បានស្ម័គ្រចិត្តធ្វើកិច្ចសន្យាប្រគល់ដីដែលបានឈូសឆាយខាងលើនេះ ជូនមកស្នាក់ការការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់គ្រប់គ្រងវិញ។ ប៉ុន្តែថ្ងៃក្រោយបើមានការ លួចឈូសឆាយបន្តទៀតបំពានកិច្ចសន្យាខាងលើនេះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ លោកបានបន្តថា តាមការបំភ្លឺរបស់លោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត បញ្ជាក់ថា ដីខាងលើនេះមួយចំនួនលោកបានទិញពីគេ និងមួយចំនួនទៀតលោកបានដោះដូរពីគេ ទើបលោកឈូសឆាយព័ទ្ធរបងយក។
លោកប្រធានស្នាក់ការដែនជម្រកសត្វព្រៃ បានបញ្ជាក់ទៀតថា ករណីនេះតាមច្បាប់ត្រូវធ្វើការផាកពិន័យនូវការ ខូចខាតព្រៃឈើរបស់រដ្ឋទៀតផង ដូចជា តម្រូវឱ្យដាំដើម ឈើឡើងវិញជាដើម។ តែនេះតាមការសម្របសម្រួល និងការភ្ញាក់រលឹកស្ម័គ្រចិត្តភាគីពីរនាក់ឪពុកកូន ទើបមន្ត្រីជំនាញគ្រាន់តែសំណូមពរឲ្យលោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត ជួយបោះរបងហ៊ុព័ទ្ធដីរបស់ខ្លួនដែលមានប័ណ្ណឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងកិច្ច ការពារគ្រប់គ្រងដែនជម្រកសត្វព្រៃរបស់រដ្ឋ។
ដោយឡែកលោក ឡេង សំអេត អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឆ្លើយបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះយ៉ាងខ្លីថា អ្នកកាសែតចង់ដឹងច្រើនម៉្លេះ រឿងនេះលោកបានចំណាត់ការតាមផ្លូវច្បាប់ និងបានរាយការណ៍ជូនអភិបាលខេត្ត និងរដ្ឋមន្ត្រីរួចហើយ។
ប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹក និងនៅក្នុងឃុំអមលាំង បានលើកឡើងទៀតថា កន្លងមកនេះលោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមនៅឃុំក្បា លទឹកខាងលើនេះ បានបិទផ្លូវលំសាធារណៈរបស់រដ្ឋជា ង៤គីឡូម៉ែត្រ រយៈពេល៥ឆ្នាំ បើទោះជាអាជ្ញាធរបានចុះទៅសម្របសម្រួលឲ្យបើកផ្លូវចាស់ឡើងវិញ ក៏បច្ចុប្បន្នផ្លូវនេះនៅមិនទាន់ធ្វើដំណើរចេញចូលបាននៅឡើយ។
ដោយឡែកនៅឆ្នាំ២០២០កន្លងមក ប្រជាពលរដ្ឋបានដាក់លិខិតសុំអន្តរាគមន៍ឲ្យបើកផ្លូវនេះឡើងវិញ គឺអាជ្ញាធរស្រុកបានបើកផ្លូវដែលបិទនោះជូនប្រជាពលរដ្ឋរួចហើយ ប៉ុន្តែផ្លូវខាងលើនេះនៅតែមិនអាចធ្វើដំណើរបាន ដដែល ព្រោះផ្លូវចាស់មួយចំនួនដែលនៅនឹងក្បាលដីរបស់លោក ប៊ុន ចាន់វីរៈ ត្រូវបានដុះព្រៃខ្ពស់ៗមិនអាចធ្វើដំណើរបាន និងផ្លូវចាស់មួយចំនួនទៀតត្រូវបានលោក ប៊ុន ចាន់វីរៈ និងលោក ខូវ គៀត ដាំដំណាំពីលើ និងសង់សំណង់រឹងពីលើ។ ចំណែកផ្លូវថ្មីដែលលោក ប៊ុន ចាន់វីរៈ និងលោក ខូវគៀត ជាអ្នកធ្វើកំពុងធ្វើចរាចរណ៍រាល់ថ្ងៃនោះ ត្រូវពួកគេបិទមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវថ្មីរបស់គេនោះឡើយ។
ក្នុងរឿងខាងលើនេះដែរ ប្រជាពលរដ្ឋក៏បានដាក់សំណើរសុំអាជ្ញាធរស្រុក និងខេត្តជួយអនុញ្ញាតឲ្យប្រជាពលរដ្ឋបានជួសជុលផ្លូវចាស់ខាងលើនេះឡើងវិញ ប៉ុន្តែមកដល់ពេលនេះ មានរយៈពេលជាច្រើនខែហើយ អាជ្ញាធរស្រុក និងខេត្តមិនទាន់អនុញ្ញាតឲ្យប្រជាពលរដ្ឋជួសជុលផ្លូវខាង លើនេះឡើងវិញនោះឡើយ៕
ឈ្មោះ ប៊ុន ចាន់ វីរៈ និងឈ្មោះ ខូវ គៀត ពីរនាក់ឪពុកកូនដែលជាអ្នកបិទផ្លូវសាធារណៈជាង៤គីឡូម៉ែត្រ រយៈពេល៥ ឆ្នាំ ដែលឯកឧត្តម ឃ្លាំង ហួត ឲ្យជួយធ្វើព័ត៌មានកាលពីឆ្នាំទៅ។ឥឡូវបុគ្គល២ នាក់ឪពុកកូននេះ បានលួចឈូសឆាយដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់របស់រដ្ឋជិត 20 ហិកតាទៀត។ត្រូវបានឯកឧត្តមអភិបាលខេត្តឲ្យមន្ត្រីបរិស្ថានធ្វើការស្រាវជ្រាវ