(ភ្នំពេញ)៖ ដោយមើលឃើញថាខេត្តស្វាយរៀង កំពុងជួបប្រទះនឹងបញ្ហាឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងចំនួនមួយយ៉ាងច្រើនជារៀងរាល់ថ្ងៃនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឧបត្ថម្ភម៉ាសចំនួន ៥០.០០០បន្ទះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ ក្នុងភូមិសាស្ត្រខេត្តខាងលើ។
កន្លងមកអំឡុងពេលកម្ពុជាជួបប្រទះនឹងជំងឺកូវីដ១៩ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តែងតែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះជានិច្ច តាមរយៈការបរិច្ចាគជាគ្រឿងឧបភោគបរិភោគ សម្ភារវេជ្ជសាស្ត្រ និងថវិកាជាដើម។
ជាក់ស្តែង ចំពោះការឧបត្ថម្ភម៉ាសដល់រដ្ឋបាលខេត្តស្វាយរៀង ក៏បានបង្ហាញឲ្យឃើញពីទឹកចិត្តរបស់លោកក្នុងការចូលរួមចំណែកមួយផ្នែកផងដែរ ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។
ក្នុងឱកាសប្រគល់ម៉ាសដល់មន្ត្រីរដ្ឋបាលខេត្តស្វាយរៀង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្តាំផ្ញើដល់មន្ត្រីរដ្ឋបាលខេត្តនេះ ពេលយកម៉ាសចែកជូនប្រជាពលរដ្ឋ ត្រូវតែក្រើនរំលឹកពួកគាត់ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការរបស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ ៣កុំ និង ២ចូលរួមផងដែរ។
ក្នុងឱកាសនោះទៀតសោត រដ្ឋបាលខេត្តស្វាយរៀង ក៏បានប្រគល់បណ្ណថ្លែងអំណរគុណដល់តំណាងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបរិច្ចាគម៉ាស ៥០.០០០ សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង។
សូមជម្រាបថា គិតមកដល់ពេលនេះ ខេត្តស្វាយរៀងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយ ១១៤០នាក់ និងស្លាប់ចំនួន ១៤នាក់៕