(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំទៅអភិបាលរាជធានី-ខេត្ត ឱ្យត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់ ដែលអាចហក់ឡើងនាពេលខាងមុខនេះ។
ក្នុងលិខិតផ្ញើជូនទៅអភិបាលរាជធានី-ខេត្តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា បរិមាណទឹកភ្លៀងនឹងធ្លាក់ច្រើននៅតាមតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ និងទន្លេសាប ដែលអាចបង្កឱ្យទឹកទន្លេហក់ឡើង។
ដោយយោងលើកត្តាអាកាសធាតុនៅដើមរដូវវស្សាឆ្នាំ២០២១នេះ លោក គន់ គីម បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ត្រៀមរៀបចំទុកជាមុន។
លោកលិខិតនេះ លោកទេសរដ្ឋមន្ត្រី បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងតួនាទីភារកិច្ចរបស់យន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានចែងក្នុងអនុក្រឹត្យ លេខ ១៨៨ អ.ន.ក្រ. ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធនធានសរុប ត្រៀមរៀបចំឱ្យបានសមស្របក្នុងបរិបទប្រយុទ្ធប្រឆាំងកូវីដ-១៩ សម្រាប់ ការងារជម្លៀស ការជួយសង្គ្រោះ ការរៀបចំទីទួលសុវត្ថិភាព (ទីទួលសុវត្ថិភាពធម្មជាតិ ទីទួលសុវត្ថិភាព សំណង់ វត្តអារាម អគារសាធារណៈ។ល។) តាមវិធានការសុខាភិបាល និងអនុវត្តតាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធីការពារខ្លួន «៣ការពារ ៣កុំ»។
បន្ថែមពីលើនោះ ត្រូវជូនដំណឹងឱ្យបានញឹកញាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅមូលដ្ឋាន Telegram និងប្រកាសជូនដំណឹង ព័ត៌មានតាមទូរសព្ទ១២៩៤ ការព្យាករអាកាសធាតុ ស្ថានភាពទឹកទន្លេ ព្រែក ស្ទឹង ជាដើម។ល។ ឱ្យបានជ្រួតជ្រាបដល់ប្រជាជននៅតំបន់ដែលប្រឈមនឹងការគំរាមគំហែងពីមុខសញ្ញាគ្រោះថ្នាក់ធម្មជាតិ។ ជាមួយនេះក៏ត្រូវអប់រំណែនាំប្រជាជននៅតំបន់ដែលងាយរងគ្រោះ ឱ្យមានការទទួលខុសត្រូវក្នុងគ្រួសារ រៀងៗខ្លួន ត្រៀមរៀបចំទុកដាក់សម្ភារសំខាន់ៗ សត្វពាហានៈ មធ្យោបាយ ស្បៀងអាហារ ដើម្បីបញ្ចៀស ការបាត់បង់ និងគ្រោះថ្នាក់ផ្សេងៗ។
លោក គន់ គីម បានណែនាំទៀតថា ក្នុងករណីដែលមានមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំងនៅតំបន់កើតហេតុត្រូវធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់ឆ្លើយតបគ្រោះមហន្តរាយ មុនក្រុម ប្រតិបត្តិការរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ចុះជួយមកដល់។
ជាមួយគ្នានេះ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ត្រូវសម្របសម្រួលការ ឆ្លើយតប ក្នុងព្រឹត្តការណ៍គ្រោះមហន្តរាយ ប្រមូលវិភាគព័ត៌មានតាមប្រព័ន្ធព្រឺសឺម និងផ្តល់ចំណាត់ការ ជូនប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ព្រមទាំងរាយការណ៍ជាប្រចាំមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំ នូវស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការយ៉ាងរឹងមាំពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការរស់នៅរបស់ប្រជាជន៕