(ស្វីស)៖ ចំណុចដ៏រសើបមួយត្រូវបាន FIFA ទម្លាយចំពោះអតីតប្រធានចាស់លោក Sepp Blatter ដែលបានធ្វើឲ្យអង្គភាពគ្រប់គ្រងកីឡាបាល់ ទាត់ពិភពលោកមួយនេះ បាត់បង់ទឹកប្រាក់ ១២២លានដុល្លារ ក្នុងឆ្នាំ២០១៥ ខណៈដែលប្រាក់ខែរបស់លោកបានកើនដល់ ៣.៧៦លានដុល្លារអាមេរិកក្នុង១ខែ នេះយោងតាមសារព័ត៌មាន AFP ចេញផ្សាយ ថ្ងៃទី១៧ ខែមីនា។
នេះជាភស្តុតាងមួយផ្សេងទៀត ដែលត្រូវបានរកឃើញម្សិលមិញ ដោយប្រធាន FIFA ថ្មីលោក Gianni Infantino ដែល ទើបតែជាប់កាលពីខែកុម្ភះ ឆ្នាំ២០១៦ ដែលបានពិនិត្យទៅលើខ្ទង់ចំណូល និងចំណាយរបស់ FIFA ក្រោមរដ្ឋបាលរបស់បុរសជនជាតិស្វីស វ័យ៧៩ឆ្នាំ Blatter ថា ទទួលបានប្រាក់ខែចាប់ពី៣លាន រហូតដល់ ៣.៧៦លានដុល្លារ ក្នុង១ខែ និង ៤៥០,០០០ដុល្លារ សម្រាប់ប្រាក់ខែបុគ្គលិក៤០រូបផ្សេងទៀត ដែលធ្វើការឲ្យអង្គភាពមិនគិតពីប្រាក់កំរ៉ៃមួយនេះ។
តែយ៉ាងណាក៏ដោយ ប្រភពខាងលើបានបញ្ជាក់ថា ទឹកប្រាក់ជាង១០០លានដុល្លារដែល FIFA ដែលបានបាត់បង់មក នោះ គឺប្រហែលចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ ពោលពេលដែល FIFA គ្មានក្រុមហ៊ុនដទៃណាផ្សេងចុះហត្ថលេខា ឧបត្ថម្ភព្រឹត្តិការណ៍ World Cup ។
ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀត តាមរយៈរបាយការណ៍របស់ FIFA ដដែលគឺ ត្រឹមរយៈពេល១ខែនៃការប្រកួតបាល់ទាត់ពិភពលោក World Cup 2014 នៅប្រទេសប្រេស៊ីល FIFA បានចំណាយប្រាក់អស់ ៣៩.៧លានដុល្លារ ដើម្បីបើកខែមន្រ្តីកំពូលៗ ក្នុងនោះក៏មានលោកប្រធាន Sepp Blatter ផងដែរ ខណៈដែលអគ្គលេខាធិការលោក Jerome Valcke ទទួលបាន ២.២លានដុល្លារ ដោយពួកគេទាំងនោះខ្លះត្រូវបានចាប់ខ្លួន ខ្លះត្រូវបានព្យួរមុខតំណែង និងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់អាជ្ញាធរស្វីស និងភ្នាក់ងារស៊ើបអង្កេត FBI របស់អាមេរិកយ៉ាងយកចិត្ត ទុកដាក់បំផុត ជុំវិញការប្រព្រឹត្តអំពើពុករលួយក្នុងរយៈពេល១៤ឆ្នាំចុងក្រោយនេះ៕