(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៩នាក់ទៀតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខណៈអ្នកជំងឺចំនួន៦២នាក់ព្យាបាលជា និងស្លាប់ចំនួន១នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ខេត្ត បានបញ្ជាក់ថា អ្នករកឃេីញកេីតជំងឺកូវីដ១៩នេះ ករណីទី១ ដល់ទី៥ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង។
ករណីទី៦ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣៨ ដល់ករណីទី៤១ ជាគឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ចំពោះករណីទី៤២ និងទី៤៣ ជាអ្នកធ្វើដំណើរមកពីខេត្តប៉ៃលិន, ករណីទី៤៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង ២ និងករណីទី៤៥ ជាអ្នកធ្វើដំណើរមកពីខេត្តស្ទឹងត្រែង មករកសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។
ដោយឡែក ករណីទី៤៦ ដល់ទី៤៨ ជាករណីមកពីខេត្តបន្ទាយមានជ័យ និងករណីទី៤៩ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។
សម្រាប់អ្នកជាសះស្បើយទាំង៦២នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលស្លាប់មានឈ្មោះ ឌុច ណាវី ភេទស្រី អាយុ៧២ឆ្នាំ អាសយដ្ឋាននៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤៖១៥នាទី និងបានស្លាប់ នៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤៖២០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថាមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥១នាក់ ។ ក្នុងនោះបានព្យាបាលជាសះស្បេីយចំនួន២៦៧នាក់ ស្លាប់៩នាក់ និង៤៧៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕