(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនជនសង្ស័យ២នាក់ ដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជនទាំង២នាក់នេះ ធ្លាប់បានជាប់ពន្ធនាគារ នៅខេត្តពោធិ៍សាត់ ហើយទើបតែចេញនាពេលថ្មីៗនេះ។
មន្រ្តីអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង១២៖៣០នាទី ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុច មុខផែស្ងួត«សូងួន»ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណៈកម្លាំងល្បាត អ.ហ ខណ្ឌ កំពុងជិះម៉ូតូការពារសន្តិសុខតាមមូលដ្ឋាន។
ជនសង្ស័យទាំង២នាក់ រួមមានទី១ឈ្មោះ ហេង រតនះ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ៏ស្នាក់នៅ បន្ទប់ជួលភូមិ៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទីឈ្មោះ អេវ ណាវិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ៏ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយចាប់ខ្លួនកម្លាំងអាវុធហត្ថបាន ដកហូតវត្ថុតាងមួយចំនួន ដូចជា ប្រដាប់កាច់កម៉ូតូ៣ ប្រដាប់ឆ្កឹះសោរ១ ម៉ូតូC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ និងស្លាកលេខ បាត់ដំបង1R-2588។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ និងវត្ថុតាង ដែលដកហូត ត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕