(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញឱ្យអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការនានា ដើម្បីពង្រឹងឱ្យបានម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

ការជំរុញបែបនេះ របស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមរយៈវីដេអូ Zoom នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដែលបានសហការអនុវត្តតួនាទី ភារភារកិច្ច ក្នុងការថែរក្សានូវ សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការចូររួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធនូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

*ទី១៖ ពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ទាំងក្នុងវិធានការបង្ការការពារ វិធានការអប់រំផ្សព្វផ្សាយ វិធានការព្យាបាល វិធានការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ជាពិសេស ពង្រឹងវិធានការចត្តាឡីស័កចំពោះអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។
*ទី២៖ លោកអភិបាលក្រុង-ស្រុក អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការរឹតបន្តឹងអោយម៉ឺងម៉ាត់បំផុត ចំពោះអ្នកធ្វេីចត្តាឡីស័កនៅតាមមណ្ឌល និងការធ្វើចត្តាឡីស័កនៅតាមផ្ទះ។
*ទី៣៖ បន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ប្រជាពលដ្ឋនៅគ្រប់មូលដ្ឋានអំពីបញ្ហាជំងឺកូវីដ១៩ ពិសេសគោលការណ៍ការពារជំងឺកូវីដ «៣ការពារ និង៣កុំ»។
*ទី៤៖ បន្តការយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឱ្យបានល្អប្រសើរ។
*ទី៥៖ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ នារដូវវស្សាឆ្នាំនេះ និងចុះជួយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា។
*ទី៦៖ ត្រូវផ្សព្វផ្សាយលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តស្តីពីការប្រមូលពន្ធទៅដល់មូលដ្ឋានរបស់ខ្លួន។
*ទី៧៖ ត្រូវទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតិ និងការសង់តូបលក់ដូរនានាដែលរំលោភមកលើដីចំណីផ្លូវសាធារណៈ។
*ទី៨៖ មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាក្រុង-ស្រុក ត្រូវបន្តយុទ្ធនាការគម្លាតសង្គមទៅដល់ប្រជាពលរដ្ឋដែលចំណាកស្រុកមកពីក្រៅប្រទេសដោយធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ។
និងទី៩៖ បន្តពង្រឹងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព៕